free dailay news,wesbite seo training,blogger seo tool,game review,lastest mobile review,trust site for online jobs,earn 1000$ per month from youtbe and google ads,cambodia traveling,free wacth action movies

test

Breaking

Post Top Ad

Your Ad Spot

Saturday, October 28, 2017

ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់​បក្ស​ប្រឆាំង​តតាំង​នឹង​ព័ត៌មាន​មិន​ពិត​រឿង​ចុះ​ចូល​បក្ស​កាន់អំណាច



សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ស្ទឹងត្រែង ៤​រូប ដែល​ជន​អនាមិក​បង្ហោះ​ក្នុង​ហ្វេសប៊ុក (Facebook) កាល ពី​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១៧។

ក្រុមប្រឹក្សាឃុំ​-​សង្កាត់ របស់​គណបក្ស​សង្គ្រោះ​ជាតិ បន្ត​រួមគ្នា​បង្ហាញ​ជំហរ​គាំទ្រ​បក្ស​ប្រឆាំង​របស់​ខ្លួន ហើយ​តតាំង​ទៅ​នឹង​ព័ត៌មាន​មិន​ពិត ដែល​ឃោសនា​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក និង បណ្ដាញ​ផ្សព្វផ្សាយ​សង្គម អំពី​ការ​ចុះ​ចូល​ទៅ​ខាង​បក្ស​កាន់អំណាច ស្រប​ពេល​មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ការប៉ុនប៉ង​បែបនេះ ថា​មាន​ចរិត​នយោបាយ​ទុច្ចរិត។
ក្រុមប្រឹក្សា​សង្កាត់​ប៉ោយប៉ែត គណបក្ស​សង្គ្រោះ​ជាតិ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បញ្ជាក់​ជំហរ​របស់​ខ្លួន​ថា មិនបាន​ចុះចូល​ទៅ​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ។ ក្រុមប្រឹក្សា​សង្កាត់​រូប​នេះ អះអាង ថា​ព័ត៌មាន​ដែល​គេ​បង្ហោះ ថា​លោក​ចុះចូល ជាមួយ​បក្ស​កាន់អំណាច​នោះ គឺជា​រឿង​មិន​ពិត។
មន្ត្រី​ក្រុមប្រឹក្សា​សង្កាត់​ប៉ោយប៉ែត ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ លោក សាន់ អែលម៉ាត់ អះអាង ថា​ថ្មីៗ​នេះ មាន​គេ​មក​ចែចូវ រូប​លោក​ឲ្យ​ទៅ​រួមរស់ ជា​គណបក្ស​ប្រជាជន​កម្ពុជា​មែន ក៏​ប៉ុន្តែ​មិន​បាន​សម្រេច​ដូច​បំណង​ទេ។ លោក សាន់ អែលម៉ាត់ ឲ្យ​ដឹង​នៅ​នៅ​ថ្ងៃទី២៧ តុលា​នេះ ថា មន្ត្រី​សាលាក្រុង​ប៉ោយប៉ែត​ម្នាក់ ប៉ុន្តែ​លោក​ថា​មិន​ស្គាល់​ឈ្មោះ បាន​មក​ចែចូវ​លោក ឲ្យ​ទៅ​ចុះចូល​គណបក្ស​កាន់អំណាច តាមរយៈ​អ្នកកាសែត​ក្នុងស្រុក​ម្នាក់ នៅ​ក្រុង​ប៉ោយប៉ែត។ ក្រុមប្រឹក្សា​សង្កាត់​ប៉ោយប៉ែត​រូប​នេះ អះអាង​ទៀត​ថា ចំពោះ​វីដេអូ​ឃ្លីប​ដែល​ថា លោក​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ គឺជា​ការ​បំផ្លើស​ខុស​ពី​ការ​ទាំងស្រុង៖ «អាហ្នឹង​គេ​ហៅ​ទៅ​ជួប​ពីរ​ដង ឥឡូវ​ខ្ញុំ​សម្រេច​ថា​ឈប់​ទៅ​ជួប ហើយ​ដូរ​លេខ​ទូរស័ព្ទ​ហើយ​ឥឡូវ។ គេ​ឲ្យ​ខ្ញុំ​ចូល​គណបក្ស​ប្រជាជន​ទៅ​។ គេ​មិន​ឲ្យ​លុយកាក់​អី​ទេ គ្រាន់​ហៅ​ឲ្យ​ចុះចូល​។ ខ្ញុំ​ថា​អត់​ទាន់​ចូល​ទេ»
កាសែត​ក្នុងស្រុក ហ្វ្រេសញូវ (Fresh News) ដែល​គាំទ្រ​រដ្ឋាភិបាល បាន​ចុះផ្សាយ​នៅ​ថ្ងៃទី២៧ ខែ តុលា នេះ ដោយ​ភ្ជាប់​ជាមួយ​វីដេអូ ដែល​កាត់​មួយ​ផ្នែក​ខ្លី និង​កាត់​ត​សម្ដី​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ប៉ោយប៉ែត​លោក សាន់ អែលម៉ាត់ ដោយ​ភ្ជាប់​ជាមួយ​លិខិត​មួយ​មាន​រូបថត​លោក កាល​លោក​នៅ​ធ្វើជា​អ្នកកាសែត​យូរហើយ និង​មាន​ស្នាម​មេដៃ​លោក​ផង។ លិខិត​នោះ គឺជា​ទម្រង់​លិខិត​សុំ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ ប៉ុន្តែ លោក សាន់ អែលម៉ាត់ បដិសេធ​រហូតដល់​ទៅ​ពីរ​លើក គឺ​មួយ​លើក​នៅ​ថ្ងៃទី២៥ ខែ តុលា និង​លើក​ទី​ពីរ នៅ​ថ្ងៃទី២៦ ខែ តុលា ដោយ​បញ្ជាក់ ថា នោះ​ជា​លិខិត​ក្លែងក្លាយ និង​ថា​គេ​លួច​ក្លែងបន្លំ យក​ស្នាម​មេដៃ​គាត់​យក​មក​ប្រើ ដើម្បី​បំភាន់​មតិ ព្រោះ ស្នាម​មេដៃ​នោះ គាត់​ផ្ដិត​យូរហើយ កាល​គាត់​នៅ​ធ្វើជា​អ្នកកាសែត៖ «អាហ្នឹង​រូប​ខ្ញុំ ប៉ុន្តែ​រូប​ខ្ញុំ​យូរហើយ កាល​ធ្វើការ​កាសែត​យូរហើយ​។ ស្នាម​មេដៃ​ក៏​ផ្តិល​យូរហើយ​ដែរ ផ្ដិត​កាល​ធ្វើ​កាសែត។ ខ្ញុំ​សូម​បដិសេធ​ទាំងស្រុង។ សូម​ប្រជាពលរដ្ឋ​ទាំងអស់ កុំ​ជឿ​ការ​មួលបង្កាច់​របស់​គាត់​។ ខ្ញុំ​គាំទ្រ​ការពារ​ប្រជាពលរដ្ឋ​ទាំងអស់ នៅ​សង្កាត់​ប៉ោយប៉ែត​យើងខ្ញុំ។ អត់​ក្បត់​ឧត្ដមគតិ​របស់ខ្ញុំ​ទេ»
ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ ចៅសង្កាត់​ប៉ោយប៉ែត គណបក្ស​សង្គ្រោះ​ជាតិ​លោក កង សុខឿន មាន​ប្រសាសន៍​ថា ក្រុមប្រឹក្សា​គណបក្ស​លោក​ទាំង​៨​រូប គឺ​គោរព​តាម​ឆន្ទៈ​របស់​ម្ចាស់​ឆ្នោត ស៊ូស្លាប់​ជាមួយ​គណបក្ស​របស់​ខ្លួន ដោយ​មិន​លក់​ឧត្ដមគតិ​ខ្លួន​ឡើយ៖ «ក្នុង​លិខិត​សុំ​ចូល​គេ​ហ្នឹង តាមពិត​គេ​រៀប​ឲ្យ​ទេ។ គេ​សរសេរ គេ​ធ្វើ​បែបបទ​អី​អស់ហើយ​ហ្នឹង​។ ខ្ញុំ​បញ្ជាក់​សួរ​គាត់ គាត់​ថា​គាត់​មិនបាន​ផ្ដិត​មេដៃ​ទេ។ មិនបាន​ដឹង​អី​ទេ​។ ប៉ុន្តែ មាន​គេ​ហៅ​គាត់​ម្ដង​ជា​ពីរ​ដង។ ព្រឹក​មិញ​នេះ​ខ្ញុំ​ក៏​ព្យាយាម​ទៅ​ជួប​អ្នក​ដែល​ហៅ​គាត់​ទៅ​នេះ​ដែរ។ គាត់​ហ្នឹង​ឈ្មោះ កែវ សាវន ធ្លាប់​ធ្វើ​កាសែត​ជាមួយ​គាត់​។ គាត់​ជា​អ្នកកាសែត​មួយ​ដែរ មុននឹង​ចូល​ធ្វើ​អ្នកនយោបាយ»
ព័ត៌មាន​មិន​ពិត​នៃ​ការ​ចុះចូល​គណបក្ស​កាន់អំណាច​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក អំពី​លោក​ចៅ​សង្កាត់រង​ទី២ សង្កាត់​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង និង សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់​បួន​រូប ដែល​ផ្សាយ​ថា បាន​រត់​ទៅ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ ភ្លាមៗ​នោះ លោក​ចៅ​សង្កាត់​រង​ទី២ សង្កាត់​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង លោក តូ ស៊ីសុបុត ក៏​បាន​ចេញ​វីដេអូ​ឃ្លី​ប តាម​ហ្វេសប៊ុក បដិសេធ​ទាំងស្រុង នៅ​ព័ត៌មាន​មិន​ពិត ដែល​មាន​ចរិត​បំបែកបំបាក់​គណបក្ស​សង្គ្រោះជាតិ​បែបនេះ៖ «​ខ្ញុំ តូ ស៊ីសុបុត ចៅ​សង្កាត់​រង​ទី​២ សង្កាត់​ស្ទឹងត្រែង មកពី​គណបក្ស​សង្គ្រោះ​ជាតិ។ ខ្ញុំ​សូម​បដិសេធ​ទាំងស្រុង ចំពោះ​ហ្វេសប៊ុក​អា​ខោន​ចាស់​របស់​ខ្ញុំ ត្រូវ​ចោរលួច​យក​ទៅ​ប្រើប្រាស់​។ ខ្ញុំ​សូម​បញ្ជាក់​ដល់​មហាជន​ទាំងអស់ ឲ្យ​បាន​ជ្រាប​ថា ខ្ញុំ​គ្មាន​បំណង​ចាក​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ សូម្បីតែ​យល់សប្ដិ​ក៏​គ្មាន​ដែរ​។ ខ្ញុំ​នឹង​បន្ត​ឆន្ទៈ​របស់ខ្ញុំ ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​រៀង​រហូត»
ចំពោះ​ព័ត៌មាន​មិន​ពិត និង​ការ​លួច​ក្លែង​គណនី​យ​ហ្វេសប៊ុ​ក ដើម្បី​ផ្សាយ​ព័ត៌មាន​បំផ្លើស​អំពី​ការ​ចុះ​ចូល​របស់​មន្ត្រី​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​នេះ លោក សារ៉ូ សុវុឌ្ឍិ ដែល​ជា​ចៅ​សង្កាត់​រង​សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ លោក​មិន​ភ្ញាក់ផ្អើល​ទេ។ ប៉ុន្តែ លោក​នៅតែ​ជឿជាក់​លើ​មន្ត្រី​ជាប់ឆ្នោត​ទាំង ១៨​រូប ថា​មាន​ឆន្ទៈ​មិន​ផ្លាស់ប្ដូរ ក្នុង​ការ​បន្ត​រួមរស់​ជាមួយ​គណបក្សប្រឆាំង ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ៖ «ក្រុមប្រឹក្សា​ទាំង​៨​រូប របស់​គណបក្ស​សង្គ្រោះ​ជាតិ ទូទាំង​ក្រុង​ប៉ោយប៉ែត យើង​បាន​ជួបជុំគ្នា​ហើយ គឺ​យើង​មាន​ឆន្ទៈ​រួម​មួយ គឺ​មិន​មានការ​ក្បត់​នឹង​ឆន្ទៈ​សន្លឹកឆ្នោត​ទេ​។ ទោះជា​មានការ​បំភិតបំភ័យ ទោះ​ជា​មាន​ការទិញ​ទឹកចិត្ត​យ៉ាងណា ក៏​ពួកយើង​ខ្ញុំ​នៅតែ​រក្សា​ស្មោះត្រង់​នឹង​ម្ចាស់​ឆ្នោត ស្មោះត្រង់​ជាមួយ​គណបក្ស និង​ស្មោះត្រង់​ជាមួយ​ប្រជាពលរដ្ឋ»
មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា ហៅ ការ​បញ្ចុះ​បញ្ចូល​ក្រុមប្រឹក្សា​សង្កាត់​ប៉ោយប៉ែត​នេះ​ថា ជា​បច្ចេកទេស​ផ្នែក​នយោបាយ ដើម្បី​ឈ្នះ​ការបោះឆ្នោត​នៅ​ពេល​ខាងមុខ។ ក៏ប៉ុន្តែ លោក​អះអាង​ថា ប្រសិនបើ​សកម្មភាព​នេះ​ធ្វើឡើង​ដោយ​ការ​បង្ខិតបង្ខំ ចាត់​ជា​ទង្វើ​ស្មោកគ្រោក ដើម្បី​បំពេញ​មហិច្ឆតា​នយោបាយ​របស់​ខ្លួន៖ «បើសិនជា​បាន​មក ក៏​គេ​ដាក់​បណ្ដាសា អាហ្នឹង​និយាយ​ឲ្យ​ត្រង់ និង​ចំ។ ខ្ញុំ​គិត​ថា យើង​គួរតែ​នាំគ្នា​បង្កើត​វប្បធម៌​អហិង្សា និយាយ​គ្នា​ទៅ កុំ​ឲ្យ​មានការ​គំរាមកំហែង កុំ​ឲ្យ​មានការ​ប្រើប្រាស់​ល្បិច​កិច្ចកល​អាក្រក់​ដាក់គ្នា ព្រោះ​យើង​ជា​ខ្មែរ​ដូចគ្នា រស់​ក្នុង​សង្គម​ខ្មែរ​ដូចគ្នា»
គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ការ​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​គណបក្សប្រឆាំង ពី​សំណាក់​បក្ស​កាន់អំណាច ថា​មាន​ចរិត​នយោបាយ​សុទ្ធសាធ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។




Loading...

No comments:

Post a Comment

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
រក្សាសិទ្ធគ្រាប់យ៉ាងដោយ CNRP Media Team
http://www.freedomnews.club/

Post Top Ad

Your Ad Spot

Pages