free dailay news,wesbite seo training,blogger seo tool,game review,lastest mobile review,trust site for online jobs,earn 1000$ per month from youtbe and google ads,cambodia traveling,free wacth action movies

test

Breaking

Post Top Ad

Your Ad Spot

Saturday, October 28, 2017

មន្ត្រី​បក្ស​កាន់អំណាច​ថា​អន្តរជាតិ​គ្មាន​ឥទ្ធិពល​មក​រារាំង​ការ​រំលាយ​បក្ស​ប្រឆាំង​ឡើយ

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦។

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ដោយមាន​ជំនឿ​ចិត្ត​ថា រដ្ឋាភិបាល​នឹង​មិន​អាច​រំលាយ​គណបក្ស​ប្រឆាំង​ដូច​ការ​គ្រោង​ទុក​ទេ ដោយសារ​រដ្ឋាភិបាល​កំពុង​រង​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ។ ក៏ប៉ុន្តែ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កាន់អំណាច​វិញ បញ្ចេញ​ប្រតិកម្ម​ថា សហគមន៍​អន្តរជាតិ គ្មាន​ឥទ្ធិពល​ណាមួយ​មក​លើ​រដ្ឋាភិបាល​កម្ពុជា​ទេ។
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ចាត់​ទុក​ការ​អះអាង​របស់​លោក សម រង្ស៊ី ដែល​ថា រដ្ឋាភិបាល​មិន​រំលាយ​គណបក្សប្រឆាំង​នោះ​ថា ជា​ការ​ស្រមើស្រមៃ។
លោក សុខ ឥសាន ថ្លែង​ដូច្នេះ​ជា​ការ​ឆ្លើយតប​ទៅ​លោក​សម រង្ស៊ី នៅ​ថ្ងៃ​ទី​២៧ តុលា ដែល​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​មិន​អាច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​បាន។ លោក សុខ ឥសាន បញ្ជាក់​ថា ផែនការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ គ្មាន​ការ​រាថយ​នោះ​ឡើយ តុលាការ​កំពុង​តែ​បន្ត​នីតិវិធី​របស់​ខ្លួន​ទៅមុខ។
លោក សម រង្ស៊ី ថ្លែង​ពី​ទីក្រុង​រ៉ូម (Rome) ប្រទេស​អ៊ីតាលី និង​បាន​ផ្សព្វផ្សាយ​ក្នុង​គណនី​ហ្វេសប៊ុក (Facebook) របស់​លោក​ថា បើ​សិន​ជា​រដ្ឋាភិបាល​រំលាយ​គណបក្ស​សង្គ្រោះជាតិ​នោះ ក៏ដូចជា​រំលាយ​ខ្លួនឯង​ដែរ។ លោក សម រង្ស៊ី បញ្ជាក់​ថា លោក​មាន​ដំណឹង​ល្អ​មួយ​ដើម្បី​ជម្រាប​ពលរដ្ឋ​ឲ្យ ថា រដ្ឋាភិបាល​លោក ហ៊ុន សែន លុបចោល​គម្រោង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​ហើយ ដោយសារតែ​សម្ពាធ​សហគមន៍​អន្តរជាតិ ដែល​មិន​អាច​បណ្ដោយ​ឲ្យ លោក ហ៊ុន សែន ធ្វើ​អ្វីៗ​តាម​ចិត្ត​បាន។
លោក សម រង្ស៊ី សម្ដែង​ការ​អាណិតអាសូរ​ដល់​លោក កឹម សុខា ដែល​កំពុង​ជាប់​ឃុំឃាំង ហើយ​លោក​អំពាវនាវ​ឲ្យ​សាធារណជន​កុំ​ទទួលស្គាល់​សេចក្ដីថ្លែងការណ៍​ណាមួយ​របស់​លោក កឹម សុខា ព្រោះថា លោក កឹម សុខា កំពុង​រង​ការ​បង្ខិតបង្ខំ និង​គំរាមកំហែង​ពី​រដ្ឋាភិបាល ក្នុង​ការ​ជំរុញ​ឲ្យ​ធ្វើ​សេចក្ដី​ថ្លែងការណ៍​អ្វីមួយ។

ការ​អះអាង​របស់​លោក សម រង្ស៊ី អំពី​ដំណឹង​វិជ្ជមាន​បែបនេះ នៅ​ចំ​ថ្ងៃ​ចុងក្រោយ ដែល​តុលាការ​កំពូល​តម្រូវ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដាក់​ឯកសារ​ដោះ​បន្ទុក ដែល​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់ជាតិ ឬ​ផ្ដួល​រំលំ​រដ្ឋាភិបាល។ ក៏ប៉ុន្តែ​មក​ទល់​ពេល​នេះ គណបក្ស​ប្រឆាំង​មិន​ផ្ដល់​ឯកសារ​ណាមួយ​ជូន​តុលាការ​ឡើយ។ ទន្ទឹម​នឹង​នេះ គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ចេញ​សេចក្ដីថ្លែងការណ៍​ជូនដំណឹង​ដល់​សាធារណមតិ​ជាតិ អន្តរជាតិ និង​ស្ថាប័ន​មាន​សមត្ថកិច្ច​ឲ្យ​ជ្រាប​ថា គណបក្ស​សង្គ្រោះជាតិ​សូម​ឲ្យ​មានការ​ដោះស្រាយ​តាម​ផ្លូវ​នយោបាយ។
នៅ​សេចក្ដីថ្លែងការណ៍​ចេញ​ថ្ងៃ​ទី​២៧ តុលា អះអាង​ថា គណបក្ស​សង្គ្រោះជាតិ​មិន​បាន​ធ្វើ​អ្វី​ខុសច្បាប់​នោះ​ទេ គណបក្ស​សង្គ្រោះជាតិ ជំទាស់​ដាច់ខាត​នូវ​ការ​ប៉ុនប៉ង​រំលាយ​គណបក្ស​សង្គ្រោះជាតិ។ គណបក្ស​សង្គ្រោះ​ជាតិ​យល់​ឃើញ​ថា ការ​ចង់​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ចរិត​នយោបាយ។
អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណរ៉ា មានប្រសាសន៍ថា ផែនការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​នេះ រដ្ឋាភិបាល​នៅតែ​បោះជំហាន​ទៅមុខ​មិន​រាថយ​ទេ។ ក៏ប៉ុន្តែ​បើសិនជា​គណបក្ស​សង្គ្រោះជាតិ​ផ្លាស់ប្ដូរ​លោក កឹម សុខា ឲ្យ​អ្នក​ផ្សេង​ដឹកនាំ​ជំនួស​អាច រដ្ឋាភិបាល​ឬ​តុលាការ​ពិចារណា​មិន​រំលាយ​ចោល។
រដ្ឋាភិបាល​ចង់​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ចោល ដោយ​បាន​កែប្រែ​ច្បាប់​ចំនួន​៤ ទាក់ទង​នឹង​ការបោះឆ្នោត ដោយ​មិន​ខ្វល់​ពី​ការរិះគន់​ពី​មជ្ឈដ្ឋាន​នានា​នេះ នៅ​ក្រោយ​ពេល គណបក្ស​តូចៗ​ចំនួន​ពីរ​ដាក់ពាក្យ​ប្ដឹង​ទៅ​ក្រសួងមហាផ្ទៃ សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ចោទ​ថា គណបក្ស​នេះ ពាក់ព័ន្ធ​បរទេស ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល ឬ​ក្បត់ជាតិ។ ក្រសួងមហាផ្ទៃ​ក៏​បញ្ជូន​ពាក្យបណ្ដឹង​នេះ​ទៅ​តុលាការ​កំពូល​ភ្លាមៗ។
អ្នកច្បាប់​លើក​ឡើង​ថា រដ្ឋាភិបាល​កែប្រែ​ច្បាប់​ចំនួន​៤​នេះ ជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ និង​ក្បត់​ឆន្ទៈ​ប្រជាពលរដ្ឋ ជាង ៣​លាន​នាក់​ដែល​បោះឆ្នោត​ជូន​បក្ស​ប្រឆាំង។
រដ្ឋធម្មនុញ្ញ​មាត្រា​៧៦ ចែងថា រដ្ឋសភា​មាន​សមាជិក ជា​តំណាងរាស្ត្រ​យ៉ាងតិច ១២០​រួប​។ តំណាងរាស្ត្រ ត្រូវ​ជ្រើសតាំង​ដោយ​ការបោះឆ្នោត​ជា​សកល ដោយ​សេរី ដោយ​ស្មើភាព ដោយ​ចំពោះ និង​តាម​វិធី​ជ្រើសរើស​ជា​សម្ងាត់។ ចំពោះ​មាត្រា​៧៨​វិញ ចែងថា នីតិកាល​របស់​រដ្ឋសភា​មាន​កំណត់ ៥​ឆ្នាំ ហើយ​ត្រូវ​ផុត​កំណត់​នៅ​ពេល​ដែល​រដ្ឋសភា​ថ្មី​ស្បថ​ចូលកាន់​តំណែង។ រដ្ឋសភា​មិន​អាច​ត្រូវ​បាន​រំលាយ​មុន​ផុត​អាណត្តិ​បាន​ឡើយ វៀរលែងតែ​ក្នុង​ករណី​ដែល​រាជរដ្ឋាភិបាល ត្រូវ​បាន​ទម្លាក់​ពីរ​ដង​ក្នុង​រយៈពេល​១២​ខែ។
លោក ឯម សុវណ្ណរ៉ា បន្ថែម​ថា រដ្ឋាភិបាល​ចង់​រំលាយ​គណបក្ស​សង្គ្រោះជាតិ​មិន​ខ្វល់​អំពី​រដ្ឋធម្មនុញ្ញ​ទេ ដោយ​យោង​លើ​ច្បាប់​ទាំង​៤ ដែល​សភា​ឯក​បក្ស​ទើប​ធ្វើ​វិសោធនកម្ម​ថ្មី ដែល​ព្រះមហាក្សត្រ​ទើប​ឡាយ​ព្រះ​ហត្ថលេខា​ទទួលស្គាល់​នោះ។
រដ្ឋាភិបាល​បាន​ប្រកាស​ពន្យារ​ពេល​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នៅ​ថ្ងៃ​ទី​២៥ កុម្ភះ​ឆ្នាំ​២០១៨ ដោយ​មិនបាន​បញ្ជាក់​មូលហេតុ​អ្វី​ច្បាស់លាស់​ទេ នៅ​ស្រប​ពេល​លោក ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ក្រុម​ប្រឹក្សាឃុំ-សង្កាត់​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​ចូល​រួម​នយោបាយ​ជាមួយ​គណបក្ស​កាន់អំណាច​របស់​លោក ហើយ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ខ្លះ ត្រូវ​បាន​តុលាការ​ចាប់ខ្លួន​ជាដើម។
នៅ​ត្រង់​ចំណុច​នេះ អ្នកវិភាគ បញ្ជាក់​ថា រដ្ឋាភិបាល​នឹង​រំលាយ​គណបក្ស​សង្គ្រោះជាតិ ចោល​តាម​ផែនការ​របស់​ខ្លួន​។ លោក​បញ្ជាក់​ថា ការ​ពន្យា​ពេល​បោះឆ្នោត​ជ្រើសតាំង​ព្រឹទ្ធសភា​នេះ ក៏​ជា​យុទ្ធសាស្ត្រ​បក្ស​កាន់អំណាច​ដែរ ដើម្បី​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការរៀបចំ​រចនាសម្ព័ន្ធ​មូលដ្ឋាន​ឡើងវិញ ក្រោយពេល​រំលាយ​គណបក្ស​សង្គ្រោះជាតិ​នោះ។ ក៏ប៉ុន្តែ​បើ​ក្រោយពេល​រំលាយ បើ​សិន​ជា​មាន​សម្ពាធ​ធ្ងន់ធ្ងរ​ពី​សហគមន៍​អន្តរជាតិ ដូចជា​ការ​បិទ​ទីផ្សារ​កម្ពុជា នៅ​សហរដ្ឋ​អាមេរិក និង​សហគមន៍​អឺរ៉ុប​នោះ លោក ហ៊ុន សែន នឹង​បន្ធូរ​ស្ថានការណ៍​នយោបាយ​ឡើងវិញ ហើយ​អាច​បើក​ច្រក​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក និង​ដោះលែង​លោក កឹម សុខា ដើម្បី​ឲ្យ​មក​ចូលរួម​នយោបាយ​ឡើងវិញ ដោយ​បង្កើត​គណបក្ស​ថ្មី​មួយ​ផ្សេងទៀត ពេលនោះ គណបក្ស​ប្រឆាំង​គ្មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការ​រៀបចំ​កសាង​រចនា​សម្ព័ន្ធ​ឡើងវិញ ក្នុង​ការ​ចូលរួម​បោះឆ្នោត​ឆ្នាំ​២០១៨​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Loading...

No comments:

Post a Comment

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
រក្សាសិទ្ធគ្រាប់យ៉ាងដោយ CNRP Media Team
http://www.freedomnews.club/

Post Top Ad

Your Ad Spot

Pages