Loading...

មន្រ្តីសិទ្ធិមនុស្សអន្តរជាតិ សុំឲ្យទាំងអស់គ្នា ឈប់ហៅព្រឹត្តិការណ៍ថ្ងៃទី២៩ ខែកក្កដា ថាជាការបោះឆ្នោត ព្រោះការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ គេមិនធ្វើដូចអ្វីដែលរបបលោក ហ៊ុន សែន កំពុងតែរៀបចំនេះទេ។ មន្រ្តីដដែលរូបនេះ ថែមទាំងព្យាករអំពីផលអាក្រក់ជាច្រើន នឹងកើតមានឡើង ចំពោះប្រទេសកម្ពុជា ដោយសារតែការបន្តចង់ក្រាញអំណាចហួសហេតុរបស់លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន បែបនេះ។
នាយកប្រចាំតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ហៅអ្វីដែលរៀបចំដោយរបបលោក ហ៊ុន សែន នៅថ្ងៃទី២៩ ខែកក្កដានោះ គឺវាផ្ទុយទាំងស្រុង ទៅនឹងគោលការណ៍ប្រជាធិបតេយ្យ និងរំលោភកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ ១៩៩១។
បើការបោះឆ្នោតពិតប្រាកដ គេមិនធ្វើដូច្នេះទេ។ ការបោះឆ្នោតពិតប្រាកដ គឺទាល់តែមានគូប្រកួតប្រជែង ដែលជាគណបក្សប្រឆាំងមែនទែន ហើយអ្នកនយោបាយបក្សប្រឆាំង មានសិទ្ធិចូលរួមក្នុងការបោះឆ្នោត ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ អាចផ្សព្វផ្សាយព័ត៌មានដោយគ្មានការរឹតត្បិត មានស្ថាប័នឃ្លាំមើលការបោះឆ្នោតឯករាជ្យត្រឹមត្រូវ ជាដើម។ លោក ប្រ៊ែដ អាដាម (Brad Adams) បន្ថែមទៀតថា និយាយរួម គ្មានចំណុចណាមួយ នៃការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ត្រូវគេយកមកអនុវត្ត ក្នុងព្រឹត្តិការណ៍ថ្ងៃទី២៩ ខែកក្កដាកន្លងទៅទាល់តែសោះ៖ «នេះគេមិនហៅថាជាការបោះឆ្នោតនោះទេ! ដូច្នេះខ្ញុំយល់ថា យើងទាំងអស់គ្នា គួរនាំគ្នាឈប់ហៅព្រឹត្តិការណ៍ថ្ងៃទី២៩ ខែកក្កដានោះថា ជាការបោះឆ្នោតទៀតទៅ ព្រោះអ្វីដែលកើតឡើងនោះ គឺជាឈុតឆាកនៃរឿងល្ខោន ដែលរបបលោក ហ៊ុន សែន បង្កើតដើម្បីធ្វើឲ្យលោក ហ៊ុន សែន ក្លាយជាមេដឹកនាំទោល បង្កើតច្បាប់គ្រប់គ្រងប្រទេសស្រេចតែមាត់ថា និងដឹកនាំប្រទេសនេះ តាមបែបឯកបក្សបន្តទៀតតែប៉ុណ្ណោះ»។
បើទោះបីជារបបលោក ហ៊ុន សែន និង គ.ជ.ប បានផ្សាយថា ចំនួនអ្នកបោះឆ្នោត មានច្រើនសន្ធឹកយ៉ាងណាក្តី ក៏លោក ប្រ៊ែដ អាដាម (Brad Adams) ចាត់ទុកថា នោះគឺគ្រាន់តែជាការបំប៉ោងចំនួនអ្នកចេញទៅបោះឆ្នោត ទៅតាមការចង់បានរបស់លោក ហ៊ុន សែន ប៉ុណ្ណោះ ព្រោះគ្មានស្ថាប័នអ្នកសង្កេតការណ៍បោះឆ្នោត ដែលឯករាជ្យ និងគួរឲ្យទុកចិត្ត ដើម្បីផ្ទៀងផ្ទាត់ បញ្ជាក់លទ្ធផលបោះឆ្នោតនេះបាននោះឡើយ។ លោក ប្រ៊ែដ អាដាម (Brad Adams) បន្តថា សាច់រឿងនៃឆាកល្ខោននេះ គឺរបបលោក ហ៊ុន សែន បានរៀបចំជាប្រព័ន្ធ ឲ្យមើលទៅដូចជារឿងពិត។ លោកបន្តថា ការណ៍ដែលរបបលោក ហ៊ុន សែន ប្រកាសថា មានចេញទៅបោះឆ្នោតរហូតដល់ជាង ៨០% នេះ គឺគ្រាន់តែជាការបំភាន់មតិប៉ុណ្ណោះ។ តាមការពិត មនុស្សម្នាដែលទៅមើលតាមការិយាល័យបោះឆ្នោត ហើយដែលមន្រ្តីរបស់លោកបានសាកសួរ សុទ្ធតែបញ្ជាក់ប្រាប់ថា គ្មានមនុស្សឯណាទៅឈរតម្រង់ជួរគ្នាច្រើននោះទេ។ ពួកគាត់ថា កន្លែងបោះឆ្នោតខ្លះទទេរស្អាតតែម្តង៖ «នេះគឺយើងនិយាយអំពីការិយាល័យបោះឆ្នោតនៅក្រុងភ្នំពេញ ដែលមានមនុស្សរស់នៅយ៉ាងច្រើនកុះករផង នៅតែមានចំនួនអ្នកចេញទៅបោះឆ្នោតតិច។ បើពលរដ្ឋរស់នៅកកកុញនៅភ្នំពេញ មិនបានចេញទៅបោះឆ្នោតច្រើនផង ចុះទម្រាំពលរដ្ឋនៅកន្លែងផ្សេង គឺច្បាស់ជារឹតតែតិចជាងនេះទៅទៀត។ ការណ៍ដែលពលរដ្ឋខ្មែរ មិនចេញទៅបោះឆ្នោត គឺដោយសារពួកគាត់ មិនចាប់អារម្មណ៍ទៅនឹងការរៀបចំនេះ។ នេះគឺជាអ្វីដែលពលរដ្ឋខ្មែរ ប្រាប់មកពួកខ្ញុំ។ ពួកគាត់ថា ទៅបោះឆ្នោតបានប្រយោជន៍អ្វី បើការបោះឆ្នោតមានតែបក្សកាន់អំណាចតែមួយ គ្មានបក្សប្រឆាំង ដែលខ្លួនស្រលាញ់ដូច្នេះនោះ?”។
ការបោះឆ្នោតដ៏ចម្រូងចម្រាសនេះ ត្រូវបាននាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំតំបន់អាស៊ី ដែលចុះទៅតាមដានព័ត៌មានដោយផ្ទាល់ នៅប្រទេសកម្ពុជា គឺលោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) កត់សម្គាល់ថា មានការគម្រាមកំហែង និងបង្ខិតបង្ខំឲ្យពលរដ្ឋទៅបោះឆ្នោត មានគ្រប់រូបភាព ដែលធ្វើឲ្យពលរដ្ឋត្រូវបង្ខំចិត្ត ចេញទៅបោះឆ្នោត ក្បត់ឆន្ទៈរបស់ខ្លួន។ លោកថា ពលរដ្ឋជាច្រើនរងការគម្រាមកំហែងពីរបបលោក ហ៊ុន សែន និងមន្រ្តីថ្នាក់មូលដ្ឋាន ដែលគម្រាមថា នឹងដាក់ទណ្ឌកម្ម ដូចជាមិនផ្តល់សេវាសាធារណៈ និងការធ្វើលិខិតស្នាមផ្សេងៗ ពីមេឃុំ ជូនពលរដ្ឋណា ដែលមិនឃើញមានស្នាមម្រាមដៃជ្រលក់ទឹកថ្នាំ នៅក្រោយបោះឆ្នោតជាដើម៖ «យើងក៏បានជួបសាកសួរអ្នករត់ម៉ូតូកង់បី ដែលប្រាប់ថា ពួកគាត់ត្រូវរងការគម្រាម ថាបើអត់ទៅបោះឆ្នោតទេ គេនឹងលែងឲ្យពួកគាត់ចូលទៅដឹកភ្ញៀវនៅតាមសណ្ឋាគារ ឬ ផ្សារទំនើប Aeon។ ជារួមគឺមានការគម្រាមកំហែងគ្រប់បែបយ៉ាង ដើម្បីធ្វើយ៉ាងណាបង្ខំពលរដ្ឋ ឲ្យចេញទៅបោះឆ្នោត ឲ្យខាងតែបាន»។
លោក ហ្វីល រ៉ូប៊ឺតសុន បញ្ជាក់បន្ថែមថា ទិដ្ឋភាពជាក់ស្តែងនៅទីនេះ គឺពលរដ្ឋខ្មែរ រងការគំរាមកំហែង ឲ្យទៅបោះឆ្នោត ហើយគណបក្សកាន់អំណាច ប្រើប្រាស់គ្រប់មធ្យោបាយ និង ធនធាន ដើម្បីធ្វើយ៉ាងណាបំភិតបំភ័យពលរដ្ឋម្ចាស់ឆ្នោតឲ្យបាក់ស្បាត លស់ក្រោមការគំរាមកំហែងរបស់ខ្លួន ដែលជាចុងក្រោយ មានពលរដ្ឋមួយចំនួន ត្រូវបង្ខំចិត្តត្រូវតែទៅបោះឆ្នោតខ្លះ ទោះមិនពេញចិត្ត។
ការមិនពេញចិត្ត និងរងការគំរាមកំហែងនេះ ឆ្លុះបញ្ចាំងឲ្យឃើញតាមរយៈលទ្ធផល នៃការរាប់សន្លឹកឆ្នោតបឋមរបស់ គជប ដែលបង្ហាញថា សន្លឹកឆ្នោតអត់បានការ មានជិត ៦០ម៉ឺនសន្លឹក។ សន្លឹកដែលអត់បានការនោះ គឺអាចដោយសារតែអ្នកបោះឆ្នោត គូសខ្វែងចោលលើសន្លឹកឆ្នោត សម្តែងការមិនពេញចិត្ត ឬសរសេរថែម ដាក់គណបក្សសង្គ្រោះជាតិ នៅលើសន្លឹកឆ្នោត រួចគូសសញ្ញាធីកនៅក្បែរនោះ ឬសរសេរសារមិនពេញចិត្តជាច្រើនផ្សេងទៀត។
ទោះជាយ៉ាងនេះក្តី គ្មានស្ថាប័នឯករាជ្យណាមួយ អាចបញ្ជាក់អំពីតួលេខ ដែលប្រកាសដោយស្ថាប័ន គ.ជ.ប ដែលសុទ្ធតែជាមនុស្សរបស់គណបក្សកាន់អំណាចនេះណាស់ ព្រោះគ្មានស្ថានប័នសង្កេតការណ៍ឯករាជ្យ ចូលរួមសង្កេតការណ៍បោះឆ្នោត ក្នុងការបោះឆ្នោតអាណត្តិនេះនោះឡើយ។ ចំណែកឯអ្នកសង្កេតការណ៍ជាតិ និងបរទេស ដែលបានសង្កេតការណ៍បោះឆ្នោត ទាំងនោះទៀតសោត ក៏សុទ្ធតែរងការរិះគន់ ថាមាននិន្នាការទៅខាងរបបលោក ហ៊ុន សែន ស្របពេលដែលគណបក្សនយោបាយតូចៗ ទាំង ១៩ ផ្សេងទៀត គ្មានលទ្ធភាព និងធនធាន ដើម្បីរកអ្នកសង្កេតការណ៍ ដើម្បីតាមដានការបោះឆ្នោតនេះ ឲ្យបានសមស្របនោះទេ។
អង្គការឃ្លាំមើលការបោះឆ្នោតនៅអាស៊ីមួយ ឈ្មោះបណ្តាញអាស៊ីដើម្បីការបោះឆ្នោតសេរី ហៅកាត់ អានហ្វ្រែល (ANFREL) ដែលជាបណ្តុំអង្គការសង្គមស៊ីវិលជាសមាជកិកចំនួន ២៦ មកពី ១៦ ប្រទេស រួមមានអង្គការ ខុមហ្វ្រែល (Comfrel) និង និកហ្វិច (NICFEC) ផងនោះ អះអាងប្រាប់អាស៊ីសេរី ថាទោះជា គ.ជ.ប ប្រឹងបង្ហាញតួលេខ នៃចំនួនអ្នកចេញបោះឆ្នោត ច្រើនប៉ុនណា ក៏ឥតប្រយោជន៍ដែរ ព្រោះតួលេខនេះ មានបង្កប់នៅបញ្ហានៅពីខាងក្រោយ។ មន្រ្តីយុទ្ធនាការ និង តស៊ូមតិរបស់អង្គការឃ្លាំមើលការបោះឆ្នោតអន្តរជាតិ Anfrel លោក ខារ៉ែល ហ្គាឡាង (Karel GALANG) បន្ថែមថា លោកគ្មានជំនឿទៅលើអ្នកសង្កេតការណ៍ជាតិ ដ៏ច្រើនសន្ធឹកសន្ធាប់នោះដែរ ព្រោះអ្នកទាំងនោះ សុទ្ធតែមាននិន្នាការលម្អៀងទៅខាងគណបក្សប្រជាជនកម្ពុជា ដូចជាសហភាពសហព័ន្ធយុវជនកម្ពុជា ដែលដឹកនាំដោយកូនប្រុសលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី ដែលជាមន្រ្តីបក្សកាន់អំណាចផ្ទាល់៖ «បើយើងមើលអ្នកសង្កេតការណ៍ទាំងជាតិ និងបរទេស ជាពិសេសមកពីសហភាពសហព័ន្ធយុវជនកម្ពុជា គឺយើងឃើញថា ពួកគាត់មាននិន្នាការនយោបាយ លម្អៀងទៅរកបក្សកាន់អំណាច ដូច្នេះតើពួកគាត់អាច វាយតម្លៃសភាពការពិត ដោយឥតលម្អៀងបានទេ? តើពួកគេមានបានសម្ភាសអង្គការសង្គមស៊ីវិល ឬ ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយដែរឬទេ ក្នុងការវាយតម្លៃដំណើរការបោះឆ្នោត? តើពួកគេបង្ហាញអំពីវិធីសាស្រ្តអ្វី ក្នុងការវាយតម្លៃនេះ?»។
ដោយសារតែការបោះឆ្នោតនេះ រងការរិះគន់ និងមិនពេញចិត្តយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋខ្មែរ ដែលនិយមប្រជាធិបតេយ្យ និង ការមិនពេញចិត្តនឹងការរំលោភសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ របស់របបលោក ហ៊ុន សែន លោក ប្រ៊ែដ អាដាម (Brad Adams) បានព្យាករណ៍ថា ប្រទេសកម្ពុជាចៀសមិនផុតពីរងនូវផលវិបាក ទាំងផ្នែកសេដ្ឋកិច្ច នយោបាយ និងសង្គម។ សហគមន៍អន្តរជាតិ នឹងដាក់ប្រទេសកម្ពុជាឲ្យនៅឯកោ។ ទណ្ឌកម្មអន្តរជាតិ នឹងមានជាបន្តបន្ទាប់។ ជាចុងក្រោយ លោកមិនជឿថា ពលរដ្ឋខ្មែរអាចនៅស្ងៀមបានយូរតទៅទៀត ឲ្យរបបលោក ហ៊ុន សែន បន្តធ្វើទុក្ខបុកម្នេញ និងដឹកនាំប្រទេសតាមបែបផ្តាច់ការដូច្នេះបាននោះឡើយ៕
No comments:
Post a Comment
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
រក្សាសិទ្ធគ្រាប់យ៉ាងដោយ CNRP Media Team
http://www.freedomnews.club/