ថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០១៧ ម៉ោង ០០:០៥ (19-10-2017 00:05)
រាជធានីភ្នំពេញ ៖ មន្ត្រីយោធាពាក់ស័ក្ដិ២ម្នាក់សង្ស័យស្រវឹងស្រា បានបង្កអំពើហិង្សានៅតាមដងផ្លូវ ដោយបានដាល់ទៅលើទៅលើផ្ទៃមុខ យុវជនអ្នកបើកបររថយន្តដឹកកម្មករម្នាក់ចំនួន៤ដៃផ្ទួនៗ ក្នុងខណៈដែលកំពុងជិះម៉ូតូបើកបរធ្វើដំណើរស្របទិសគ្នាជាមួយរថយន្តជនរងគ្រោះ បន្ទាប់មកជនដៃដល់បានជិះម៉ូតូជ្រែចាក់គួរចុះឡើងៗ រួចបានឈប់ស្ទាក់ពីមុខរថយន្តជាប់។ ក្រោយមកបានចុះពីលើម៉ូតូស្ទុះទៅដាល់លើយុវជនដែលជាអ្នកបើកបររថយន្តកូរ៉េនោះទាំងកំរោល ព្រមទាំងបម្រុងរុញបញ្ចូលឲ្យរថយន្តកុងតឺន័រ បុកទៀត ប៉ុន្តែបានអ្នកជិតខាងនាំគ្នាឃាត់ទើបយោធាម្នាក់នោះឈប់វាយ។ បន្ទាប់មកនគរបាលបានចុះអន្តរាគមន៍ ហើយត្រូវបានយោធាជើងខ្លាំងរករឿងនគរបាលទៀតផង ទើបភ្លាមៗនោះនគរបានឃាត់ខ្លួននាំទៅកាន់ប៉ុស្ដិ៍ រួចប្រគល់ជូនទៅកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យចាត់ការតែម្ដង។
ហេតុការណ៍នោះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ និង២០នាទីល្ងាច ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ នៅតាមផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនដៃដល់ខាងលើនោះ បានអះអាងថាខ្លួនគឺជាមន្ត្រីយោធានៅអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ និងមានឈ្មោះ កែវ វិបុល អាយុប្រហែល៣០ឆ្នាំ មានឋានន្តរសក្ដិ អនុសេនីយ៍ទោ អត្តលេខ១៤៤៦២៦។ ចំណែកយុវជនរងគ្រោះឈ្មោះ សុខ លាង អាយុ២១ឆ្នាំ មុខរបរបើកបរ រថយន្តដឹកកម្មករ ស្នាក់នៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ តាមប្រភព័ត៌មានបានឲ្យដឹងថា មិនដឹងថាមន្ត្រីយោធាដែលជាជនដៃដល់ខាងលើនោះ មានកំហឹងអ្វីជាមួយនឹងយុវជនរងគ្រោះនោះទេ ទើបឈានដល់ថ្នាក់ជិះម៉ូតូដេញតាមស្ទាក់វាយបែបនេះ។
ប៉ុន្តែបើតាមការសន្និដ្ឋានអាចបណ្ដាលមកពីយោធារូបនេះស្រវឹងស្រា មានចិត្តឆេវឆាវ ពេលធ្វើដំណើរសង្ស័យថាម៉ូតូ និងរថយន្តបម្រុងប៉ះគ្នា ទើបធ្វើឲ្យរូបគេមានកំហឹងទាំងអ្នកបើកបររថយន្តមិនបានដឹងខ្លួន ទើបជិះម៉ូតូដេញតាមស្ទាក់វាយតែម្ដង។ នៅមុនពេលកើតហេតុមន្ត្រីយោធារូបនោះ បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាស្កូបពី ស៊េរីឆ្នាំ២០១៧ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1GQ-5054 ក្នុងទិសដៅពីកើតទៅលិច ស្របទិសគ្នាជាមួយរថយន្តកូរ៉េ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវពាក់ស្លាកលេខ ភ្នំពេញ 2S-0120 ដែលបើកបរដោយយុវជនរងគ្រោះខាងលើ។ ប្រភពដដែលបានបន្តទៀតថា លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមន្ត្រីយោធាម្នាក់នេះបានជិះម៉ូតូជ្រែរថយន្តខាងលើចុះឡើងៗ បន្ទាប់មកបានទៅឈប់ពីមុខរថយន្ត ហើយជនរងគ្រោះក៏បានជាន់ហ្វ្រាំងរថយន្តឈប់យ៉ាងប្រថុចញ៉ុចបំផុត និងបានចុះពីរថយន្តដើម្បីទៅសួរនាំយោធាបង្ករឿងនោះ និងបានរករឿងព្រមទាំងស្ទុះទៅដាល់លើយុវជនអ្នកបើកបររថយន្តចំនួន៤ដៃ ដោយកំហឹងឆេះរោលពេញខ្លួនតែម្ដង។
មិនតែប៉ុណ្ណោះបានចាប់បម្រុងរុញជនរងគ្រោះចូលទៅឲ្យរថយន្តកុងតឺន័របុកថែមទៀត ប៉ុន្តែត្រូវបានអ្នកជិតខាងជួយឃាត់ទាន់ ហើយពេលនោះបានបង្កឲ្យមានការភ្ញាក់ផ្អើលតាមដងផ្លូវយ៉ាងខ្លាំង ភ្លាមៗនោះនគរបាលប៉ុស្ដិ៍ចោមចៅបានចេញអន្តរាគមន៍ ប៉ុន្តែពេលទៅដល់ត្រូវបានមន្ត្រីយោធាជើងខ្លាំងម្នាក់នោះ ស្រែកឡូឡាចង្អុលមុខនគរបាល ឆ្ការដៃឆ្ការជើងច្រងេងច្រងាងយ៉ាងខ្លាំង ដែលអ្នកដំណើរបានធ្វើឲ្យអ្មកដំណើរសម្ដែងការហួសចិត្តគ្រប់ៗគ្នា។ បន្ទាប់មកនគរបាលក៏បានឃាត់ខ្លួននាំទៅកាន់ប៉ុស្ដិ៍ រួចបានប្រគល់បន្តទៅឲ្យកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ នាំទៅសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់៕
Loading...
No comments:
Post a Comment
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
រក្សាសិទ្ធគ្រាប់យ៉ាងដោយ CNRP Media Team
http://www.freedomnews.club/