បន្ទាប់បានស្តីបន្ទោស ដល់វេលាត្រូវលួងលោម ! ម្សិលមិញ លោក Rex Tillerson បានចូលបំពេញទស្សនកិច្ចមួយភ្លែត នៅអាហ្វហ្កានីស្ថានដែលកំពុងញាំញីដោយភេរវកម្ម៧ផ្ទួនគ្នាក្នុងរយៈពេលតែ៥ថ្ងៃ។ នៅថ្ងៃអង្គារទី ២៤តុលានេះ លោកបានបន្តដំណើរទៅដល់ ក្រុងអ៊ីស្លាម៉ាបាដ ដើម្បីសាកល្បងបញ្ចុះបញ្ចូល ប្រទេសប៉ាគីស្ថាននេះឱ្យសហការប្រយុទ្ធប្រឆាំងនឹងក្រុមប្រដាប់អាវុធសកម្ម ក្នុងប្រទេសនិងនៅអាហ្វហ្កានីស្ថានជិតខាង។
ដំណើរទស្សនកិច្ចនៅប៉ាគីស្ថានលើកដំបូងរបស់លោក Rex Tillerson ក្នុងនាមជាប្រមុខការទូតអាមេរិក ប្រព្រឹត្តទៅក្នុងបរិបទដ៏តានតឹងបំផុត ព្រោះលោកប្រធានាធិបតី ដូណាល់ ត្រាំ ទើបធ្វើចោទប្រកាន់ប៉ាគីស្ថាន ថាស្ពឹកស្រពន់ក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនឹងភេរវនិយម មានពុតមុខពីរក្នុងដំណោះស្រាយនៅអាហ្វហ្កានីស្ថានផង និងផ្តល់ជម្រកឱ្យពួកប្រដាប់អាវុធផង។
ប៉ុន្តែនៅថ្ងៃនេះ អាមេរិកបានផ្តល់សំណាងជាថ្មីឱ្យប៉ាគីស្ថាន ដោយចង់មានកិច្ចសហប្រតិបត្តិការស្អិតល្មួតជាមួយប៉ាគីស្ថាន ដើម្បីស្ថិរភាព ទាំងនៅអាហ្វហ្កានីស្ថាន និងប៉ាគីស្ថានផ្ទាល់ តែត្រូវមានលក្ខខណ្ឌ ! នេះជាការព្រមានរបស់ប្រមុខការទូតអាមេរិកបានដោយបញ្ជាក់ថា រដ្ឋាភិបាលប៉ាគីស្ថាន ត្រូវមានទស្សនៈវិស័យច្បាស់លាស់ ស្តីអំពីស្ថានភាពប្រឈមបច្ចុប្បន្ន និងអំពីចំនួនក្រុមភេរវនិយមដែលមកសំងំជ្រកកោននៅក្នុងទឹកដីប៉ាគីស្ថាន។ អាមេរិកបានផ្តល់សំណើពិសេសយ៉ាងច្បាស់លាស់មួយ ទៅប៉ាគីស្ថាន ឱ្យកាត់បន្ថយការគាំទ្រពួកតាលីបង់ និងក្រុមប្រដាប់ជ្រុលនិយមផ្សេងទៀត។
ប៉ាគីស្ថាន តែងតែបដិសេធជារហូតមករាល់ការចោទប្រកាន់របស់អាមេរិក និងចោទបកទៅអាមេរិកវិញថាធ្មេញភ្នែកធ្វើមិនដឹងមិនឮសកម្មភាពប្រយុទ្ធប្រឆាំងនឹងភេរវកម្មរបស់ប៉ាគីស្ថាន ដែលបានបាត់បង់ជីវិតពលរដ្ឋរបស់ខ្លួនរាប់ពាន់នាក់។
សូមបញ្ជាក់ថា ម្សិលមិញ ដោយឥតព្រាងទុក លោកប្រមុខការទូតអាមេរិក បានឆៀងចូលប្រទេសអាហ្វហ្កានីស្ថាន ពីរបី ម៉ោង។ លោកបានជួបពិភាក្សាជាមួយប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក ហ្កានី នៅមូលដ្ឋានទ័ពអាមេរិក Bagram ដើម្បីជជែកអំពីយុទ្ធសាស្ត្រថ្មីរបស់លោក ត្រាំ ដែលគ្រោងនឹងបញ្ជូនកម្លាំងទ័ពជំនួយបន្ថែម៣ពាន់នាក់ទៀត លើចំនួនទ័ព១១០០០នាក់ នៅអាហ្វហ្កានីស្ថានស្រាប់ សម្រាប់គ្រប់គ្រងនិងបំពាក់បំប៉នកងទ័ពអាហ្វហ្កានីស្ថាន និងក្នុងក្របខ័ណ្ឌនៃការប្រយុទ្ធប្រឆាំងនឹងភេវនិយម។ បន្ទាប់ពីអាហ្វហ្កានីស្ថាន និងប៉ាគីស្ថាន លោកTillerson ត្រូវបន្តដំណើរទៅកាន់ប្រទេសឥណ្ឌាជិតខាងទៀតនៅល្ងាចនេះ៕
Loading...
No comments:
Post a Comment
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
រក្សាសិទ្ធគ្រាប់យ៉ាងដោយ CNRP Media Team
http://www.freedomnews.club/