រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ នឹងត្រូវបញ្ជាក់ទៅសភា នៅថ្ងៃសុក្រនេះ ថា តើអ៊ីរ៉ង់បានគោរពកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែរឬទេ។ ការប្រកាសរបស់ប្រធានាធិបតីអាមេរិកស្ថិតនៅក្រោមការតាមដានយ៉ាងកៀកកិតពីមជ្ឈដ្ឋានក្នុងស្រុក និងសហគមន៍អន្តរជាតិ ជាពិសេសអ៊ីរ៉ង់ដែលជាភាគីហត្ថលេខី។ សភាអាមេរិកនឹងមានពេល ៦០ថ្ងៃ ដើម្បី សម្រេចថា តើនឹងដាក់ឡើងវិញ ទណ្ឌកម្មសេដ្ឋកិច្ច លើអ៊ីរ៉ង់ ដែលអាមេរិកបានដកផ្អាក នៅក្រោយកិច្ចព្រមព្រៀងអន្តរជាតិស្តីពីនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីឆ្នាំ ២០១៥ ដែរឬទេ។
នៅយប់ថ្ងៃសុក្រនេះ បើសិនគ្មានអព្ភូតហេតុអ្វី កើតឡើងទេ លោកដូណាល់ ត្រាំ នឹងប្រកាសបញ្ជាក់ទៅសភាថា អ៊ីរ៉ង់មិនបានគោរពធ្វើតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។
លោកដូណាល់ ត្រាំបាននិយាយរិះគន់ តាំងពីយូរយាណាស់មកហើយថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ អាក្រក់ បំផុត ដែលលោកមិនធ្លាប់ឃើញមានពីមុនមក។ តាំងពីចូលកាន់តំណែង ជាប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំធ្លាប់បានផ្តល់ចម្លើយទៅសភាអាមេរិកពីរលើករួចហើយថា អ៊ីរ៉ង់គោរពតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលបានចុះជាមួយមហាអំណាចរួមទាំងអាមេរិក នៅឆ្នាំ ២០១៥។
ប៉ុន្តែ លោកដូណាល់ ត្រាំ ដែលបានបរិហាររិះគន់ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ជាថ្មីម្តងទៀត នៅវេទិកាមហាសន្និបាតអង្គការសហប្រជាជាតិនាពេលកន្លងទៅ ទំនងជានឹងមិនបញ្ជាក់ទៅសភាទៀតទេថា អ៊ីរ៉ង់ គោរពតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។
ទីភ្នាក់ងារបរិមាណូអន្តរជាតិ AIEA បញ្ជាក់ថា អ៊ីរ៉ង់គោរពតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ប៉ុន្តែ លោកដូណាល់ មិនយល់ឃើញផ្ទុយពីនេះ។
លោកដូណាល់ ត្រាំ បំផ្លាញចោលឲ្យអស់នូវកិច្ចខំប្រឹងប្រែងទាំងអម្បាលម៉ានរបស់ លោកអូបាម៉ា ព្រោះតែលោក ចង់បង្ហាញថា លោកមានជំហរថ្មី ខុសពីប្រធានាធិបតីអាណត្តិមុន។ លោកដូណាល់ ត្រាំ ចង់បំផ្លាញចោល ច្បាប់សុខភាពអូបាម៉ា។ លោកបានដកអាមេរិកចេញពីកិច្ចព្រមព្រៀងក្រុងប៉ារីស ស្តីពីអាកាសធាតុ ហើយនិងកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក និងបានដកអាមេរិកចេញពីអង្គការយូណេស្កូ នៅថ្ងៃព្រហស្បតិ៍ទី ១២ តុលា។
ក្នុងកែវភ្នែករបស់លោកដូណាល់ត្រាំ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ធ្វើឲ្យអាមេរិកខាតប្រយោជន៍ច្រើនណាស់។ ផ្ទុយទៅវិញ ដោយរួចផុតពីទណ្ឌកម្មសេដ្ឋកិច្ច ពីសហគមន៍អន្តរជាតិ ទៅតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ អ៊ីរ៉ង់ ចំណេញប្រយោជន៍សេដ្ឋកិច្ចច្រើន រាប់ពាន់លានដុល្លារ។ លោកជឿថា អ៊ីរ៉ង់បានយកប្រាក់ចំណូល បានមកពីការលក់ប្រេង ដើម្បី ទៅពង្រឹងកម្លាំងយោធា បង្កអសន្តិសុខ អុកឡុក នៅតំបន់ដើមបូព៌ា ដូចជាបញ្ចូនទ័ពទៅស៊ីរី យេម៉ែន ដែលជាការគំរាមកំហែងដល់អ៊ីស្រាអែល និងអារ៉ាប៊ី សាអូឌីតដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់។ ទៅ៣ ទៀត លោកដូណាល់ ត្រាំមានការច្រណែនខ្លាំងណាស់ នឹងប្រទេសមហាអំណាចនៅអឺរ៉ុប ដែលបានចាប់ទទួលផ្លែផ្កាសេដ្ឋកិច្ច នៅក្រោយ អ៊ីរ៉ង់រួចផុតពីទណ្ឌកម្មមសេដ្ឋកិច្ចពីសហគមន៍អន្តរជាតិ។
លោកដូណាល់ ត្រាំ មិនដល់ថ្នាក់ហែកចោល កិច្ចព្រមព្រៀងនុយក្លេអ៊ែរ
លោកដូណាល់ ត្រាំស្អប់គុំគួនអ៊ីរ៉ង់ ប៉ុន្តែ លោកមិនដល់ថ្នាក់ ប្រកាសដោយខ្លួន ដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដូចដែលលោកបានធ្វើទៅលើកិច្ចព្រមព្រៀងក្រុងប៉ារីសស្តីពីអាកាសធាតុ ឬកិច្ចព្រមព្រៀងនៃការដោះដូរអន្តរប៉ាស៊ីហ្វិកកន្លងមកនោះដែរ។ ទោះមិនដកអាមេរិកចេញពីកិច្ចព្រមព្រៀង ប៉ុន្តែ លោកដូណាល់ ត្រាំ អាចសម្លាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដោយប្រយោល។ នៅថ្ងៃសុក្រ លោកអាចបញ្ជាក់ ទៅសភាអាមេរិកថា អ៊ីរ៉ង់ រំលោភ មិនអនុវត្តកិច្ចព្រមព្រៀង។ ការបញ្ជាក់តែប៉ុណ្ណេះ នឹងបើកភ្លើងខៀវឲ្យសភាអាមេរិកមានពេល៦០ថ្ងៃ ពិចារណា និងសម្រេចថា តើត្រូវដាក់ឡើងវិញ ទណ្ឌកម្មសេដ្ឋកិច្ច ដែលអាមេរិកបានដកចេញមក នៅក្រោយកិច្ចព្រមព្រៀងដែរឬទេ។
បើសិនសភា ត្រលប់ទៅដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើងវិញលើអ៊ីរ៉ង់ នេះមានន័យថា អាមេរិកមិនបានអនុវត្តតាមកិច្ចព្រមព្រៀងអ៊ីរ៉ង់ គឺមានន័យស្មើនឹងការសម្លាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់យ៉ាងដូច្នេះឯង។
សមាជិកនៅក្នុងរដ្ឋបាលអាមេរិក មួយចំនួន មិនយល់ស្របជាមួយលោកដូណាល់ ត្រាំ
បារាំង អង់គ្លេស ប្រទេសហត្ថលេខីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ និងដែលកំពុងបញ្ជូនក្រុមហ៊ុនវិនិយោគទៅអ៊ីរ៉ង់ នៅក្រោយរកឃើញកិច្ចព្រមព្រៀង នៅឆ្នាំ ២០១៥ បានអំពាវនាវម្តងហើយ ម្តងទៀត កុំឲ្យលោកដូណាល់ ត្រាំ សើរើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។ នៅក្នុងរឿងចោទអ៊ីរ៉ង់ ថាបានរំលោភកិច្ចព្រមព្រៀង លោកដូណាល់ ត្រាំ នៅឯកោ គ្មានអ្នកគាំទ្រ មិនថា ក្នុងស្រុក ពីប្រទេសសម្ព័ន្ធមិតុ្ត លើកលែងតែអ៊ីស្រាអែល។ នៅក្នុងស្រុក រដ្ឋមន្រ្តីការពារជាតិរបស់លោកផ្ទាល់ គឺលោក James Mattis ធ្លាប់បានអះអាង រួចហើទៅគណៈកម្មការការពារជាតិសភា ពីសារៈសំខាន់នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ សម្រាប់សន្តិសុខជាតិអាមេរិក។ នេះមានន័យថា លោកមិនចង់ឲ្យកិច្ចព្រមព្រៀងត្រូវរលាយសូន្យទៅវិញនោះទេ។ បារាំង អង់គ្លេស ចិន និងរុស្ស៊ី បានអះអាងថា គេនៅតែផ្តល់តម្លៃ និងជឿថា អ៊ីរ៉ង់មិនបានរំលោភកិច្ចព្រមព្រៀងនោះទេ។ នេះបញ្ជាក់ថា ប្រទេសហត្ថលេខី នៅតែរក្សាគោរពកិច្ចព្រមព្រៀង ទោះបីជាអាមេរិកចង់ដកខ្លួនក៏ដោយ។
នឹងគ្មាននរណាទុកចិត្តអាមេរិក ដែលជាមហាអំណាចលើលោកទៀតទេ
បើសិនអាមេរិករបស់លោកដូណាល់ ត្រាំ ផ្លាស់ប្តូរជំហរ លែងចង់គោរពតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់តទៅទៀត និងត្រលប់ទៅដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើងវិញ ទៅលើអ៊ីរ៉ង់ ផលវិបាក និងផលប៉ះពាល់មានច្រើន មិនថា វិស័យសេដ្ឋកិច្ច រូបភាពរបស់អាមេរិក ឬនយោបាយការបរទេសអាមេរិក។ ទី១ ទណ្ឌកម្មសាជាថ្មីណាមួយរបស់អាមេរិក នឹងប៉ះពាល់ដល់ការក្រុមហ៊ុន មិនថា របស់ក្រុមហ៊ុនអាមេរិក អឺរ៉ុប ចិន រុស្ស៊ី ដែលទើបបានត្រលប់ទៅចាប់បោះទុនវិនិយោគ ធ្វើជំនួញ ជាមួយ អ៊ីរ៉ង់។
ទី២ គឺពាក់ព័ន្ធនឹងរូបភាពរបស់អាមេរិកផ្ទាល់។ អំណើះតទៅ គេលែងអាចជឿទុកចិត្តរដ្ឋបាលលោកដូណាល់ ត្រាំ ដោយសារ តែនយោបាយមិនប្រាកដប្រជា។ បើសិនអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ នោះ វាផ្តល់គំរូអាក្រក់ដល់ប្រទេសដទៃទៀត។ ឧទាហរណ៍ វានឹងធ្វើឲ្យកូរ៉េខាងជើងយកលេសថា គេមិនអាចចរចាអ្វីបានជាមួយអាមេរិកនោះទេ។ គ្មានការចរចាការទូត គឺមានតែជម្រើសយោធា តែប៉ុណ្ណោះ។
ត្រូវចាំថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ទោះបីជាមិនត្រឹមត្រូវល្អឥតខ្ចោះ ប៉ុន្តែ វាបានជួយកាត់បន្ថយភាពតានតឹង និងបញ្ជៀសការប្រឈមមុខដាក់គ្នាផ្នែកយោធា។ ប្រាកដណាស់ថា អ៊ីរ៉ង់ នៅតែមានសិទ្ធិបន្តការស្រាវជ្រាវបច្ចេកវិទ្យានុយក្លេអ៊ែរ ប៉ុន្តែ តាមរយៈកិច្ចព្រមព្រៀង អ៊ីរ៉ង់ យល់ព្រមផ្អាកកម្មវិធីនុយក្លេអ៊ែរយោធា មិនចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូម និងបើកផ្លូវឲ្យអ្នកជំនាញរបស់ទីភ្នាក់ងារអន្តរជាតិ AIEA ចូលទៅត្រួតពិនិត្យ តាមដានជាទៀងទាត់។ បើសិនគ្មានកិច្ចព្រមព្រៀងនុយក្លេអ៊ែរទេ គេមិនអាចតាមដានដឹងសកម្មភាព របស់អ៊ីរ៉ង់នៅក្នុងការចម្រើនកម្មវិធីនុយក្លេអ៊ែរនោះទេ។ បើសិនអ៊ីរ៉ង់ត្រូវដាក់ឲ្យឯកាជាថ្មី គេបារម្ភថា អ៊ីរ៉ង់នឹងអាចក្លាយជាមហាអំណាចនុយក្លេអ៊ែរកូរ៉េខាងជើងមួយទៀត ហើយវារឹតតែគ្រោះថ្នាក់ បើសិនគេមើលទៅលើឥទ្ធិពល និងការឈរជើងរបស់យោធាអ៊ីរ៉ង់ នៅក្នុងជម្លោះ នៅតំបន់ដើមបូព៌ាសព្វថ្ងៃ។ គឺដើម្បីជៀសវាងកុំឲ្យមានវិបត្តិនុយក្លេអ៊ែរមួយទៀត នៅដើមបូព៌ានេះហើយ បានជាប្រទេសមហាអំណាចត្រូវការ ចង់បានកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់៕
No comments:
Post a Comment
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
រក្សាសិទ្ធគ្រាប់យ៉ាងដោយ CNRP Media Team
http://www.freedomnews.club/