ថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០១៧ ម៉ោង ១៩:៤៩ (18-10-2017 19:49)
រាជធានីភ្នំពេញ ៖ បុរសជាមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ ត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គនគរបាលជាតិធ្វើការចាប់ឃាត់ខ្លួន ខណៈដែលរូបគេកំពុងតែដើរតាមផ្លូវតែម្នាក់់ឯងសុខៗ និងបង្ករឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរខាងផងដែរនៅក្បែរវត្តភ្នំ។ ប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះដែរបានធ្វើឡើងកាលពីវេលាម៉ោង៣ និង៤៥នាទីរសៀល ថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០១៧ នៅចំណុចខាងមុខផ្ទះគ្មានលេខ ច្រកផ្លូវលេខ៩០ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ បុរសជាជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនដែលកម្លាំងមានសម្ថកិច្ចធ្វើការចាប់ឃាត់ខ្លួននេះ មានអាយុប្រមាណជាង៣០ឆ្នាំ ពាក់អាវយឺតដៃខ្លីព៌ណខ្មៅ ស្លៀកខោខាវប៊យ ពណ៌ខ្លីជើងត្រឹមជង្គង់។
មន្ត្រីនគរបាលរបស់មន្ទីរប្រឆាំងគ្រឿងញៀនម្នាក់បានប្រាប់់ឱ្យដឹងថា បុរសជនសង្ស័យដែលបានឃាត់ខ្លួននៅពេលនេះ រូបគេគឺជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មម្នាក់ ដែលកម្លាំងជំនាញរបស់លោកស្វែងរកចាប់ខ្លួនអស់រយៈពេលជាយូរណាស់មកហើយ និងកំពុងតែធ្វើការស្រាវជ្រាវរកចាប់ខ្លួនបក្សពួករបស់គេដែលនៅសេសសល់ជាបន្តទៀតផងដែរ។ ប្រជាពលរដ្ឋម្នាក់បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ខាងលើដោយមិនមានអ្នកណាម្នាក់បានស្គាល់ និងដឹងថាមកពីទីណាឡើយ បានដើរចូលមកច្រកឌឿងហែមនេះម្នាក់ឯងសុខៗ ក៏ស្រាប់តែមានកម្លាំងមានសម្ថកិច្ចជាច្រើននាក់ ដោយមានមួយចំនួនស្លៀកពាក់ខោអាវស៊ីវិល និងអ្នកខ្លះទៀតស្លៀកពាក់ឯកសណ្ឋានដោយដៃកាន់សុទ្ធតែកាំភ្លើងវែងខ្លីគ្រប់ដៃមកចាប់វាយខ្នោះបណ្តើរដាក់លើរថយន្តដឹកចេញទៅបាត់ស្រមោល។ ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនរបស់កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ធ្វើការចាប់ខ្លួនបុរសម្នាក់ដែលបានអះអាងថា រូបគេជាមុខសញ្ញាជួញដូរគ្រឿងញៀននេះដែរ បានធ្វើឲ្យមានការភ្ញាក់ផ្អើលទៅដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរខាង និងអ្នកធ្វើដំណើរតាមផ្លូវយ៉ាងខ្លាំងផងដែរ៕








No comments:
Post a Comment
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
រក្សាសិទ្ធគ្រាប់យ៉ាងដោយ CNRP Media Team
http://www.freedomnews.club/