free dailay news,wesbite seo training,blogger seo tool,game review,lastest mobile review,trust site for online jobs,earn 1000$ per month from youtbe and google ads,cambodia traveling,free wacth action movies

test

Breaking

Post Top Ad

Your Ad Spot

Thursday, October 26, 2017

មេឃុំ​ស្មោះ​នឹង​បក្ស​ប្រឆាំង​ថា​សុខចិត្ត​ធ្វើ​ស្រែ​ក៏​មិន​ចូលរួម​ជាមួយ​លោក ហ៊ុន សែន

សន្និបាត​ក្រុម​ប្រឹក្សា​ជាតិ​គណបក្ស​សង្គ្រោះជាតិ លើក​ទី​២ នា​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៦។
មេ​ឃុំ និង​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់​ដែល​ស្មោះ​នឹង គណបក្ស​សង្គ្រោះជាតិ​ថា បើ​ពួកគេ​សុខចិត្ត​ទៅ​ធ្វើ​ស្រែ ក៏​មិន​ចុះចូល​ជាមួយ​លោក ហ៊ុន សែន ដើម្បី​រក្សា​ដំណែង និង​ប្រាក់ខែ​របស់​ខ្លួន​ដែរ។ ការ​បង្ហាញ​ភក្ដីភាព​របស់​មន្ត្រី​ថ្នាក់ក្រោម នៃ​គណបក្ស​សង្គ្រោះជាតិ​នៅ​ពេល​នេះ ខណៈ​លោក ហ៊ុន សែន និយាយ​ម្ដង​ហើយ​ម្ដង​ទៀត​ថា លោក​នឹង​ទុក​តួនាទី​មុខ​ដំណែង​ឲ្យ​ពួកគេ​នៅ​ដដែល ឲ្យ​តែ​មក​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ។
ស្រប​ពេល​ដែល​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់ ខេត្ត ក្រុង របស់​គណបក្ស​សង្គ្រោះជាតិ​មួយ​ចំនួន​តូច រត់​ចូល​គណបក្ស​ប្រជាជន​កម្ពុជា ព្រោះ​ខ្លាច​បាត់​ដំណែង​នោះ។ ក្រុម​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង​ផ្ដាំផ្ញើ អ្នក​ដែល​ស្មោះ​ចំពោះ​បក្ស​តាមរយៈ​អាស៊ីសេរី​ថា ពួកគេ​នឹង​ការពារ​មិន​ឲ្យ​មានការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ។
សមាជិក​ក្រុម​ប្រឹក្សាឃុំ​គណបក្ស​សង្គ្រោះជាតិ​ម្នាក់ មកពី​ខេត្ត​ព្រៃវែង សុំ​មិន​បញ្ចេញ​ព្រោះ​ខ្លាច​មាន​បញ្ហា​សុវត្តិភាព ប្រាប់​អាស៊ីសេរី​ថា លោក​សុខចិត្ត​ទៅ ធ្វើស្រែ​ក៏​មិន​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច​ដែរ។ លោក​ថា ការ​ចុះ​រត់​ទៅ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ព្រោះ​ចង់​រក្សា​ដំណែង​ដែល​កើត​ចេញពី​ការបោះឆ្នោត គឺជា​ការ​ក្បត់​ឆន្ទៈ​ម្ចាស់​ឆ្នោត៖ «មានតែ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ដែល​ពលរដ្ឋ​ជាង ៣​លាន់​នាក់​គាំទ្រ ខ្ញុំ​សុខចិត្ត​ឈប់​ដើម្បី​ប្រកប​អាជីវកម្ម​ធ្វើស្រែ​ចម្ការ ទោះបី​រស់នៅ​យ៉ាងមិច ក៏​សុខចិត្ត​នៅ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ»
ខណៈ​ក្រុមប្រឹក្សា​របស់​គណបក្ស​សង្គ្រោះជាតិ​មួយ​ចំនួន​តូច បាន​ប្រកាស​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក (Facebook) ពី​ការ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​កាន់អំណាច។ ក៏​មាន​ឃុំ​ស្មោះ​នឹង​គណបក្ស​សង្គ្រោះជាតិ ប្រកាស​តាម​ហ្វេសប៊ុក​ដូចគ្នា​ថា ខ្លួន​មិន​ក្បត់​ឆន្ទៈ​ម្ចាស់​ឆ្នោត​ជាដាច់ខាត។
សមាជិក​ក្រុមប្រឹក្សា​សង្កាត់​អូរជ្រៅ ក្នុង​ក្រុង​បាត់ដំបង មកពី​គណបក្ស​សង្គ្រោះជាតិ កញ្ញា គឹម លាង បាន​បង្ហោះ​សារ​ជា​វីដេអូ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក កាលពី​ទី​២៥ ខែ​តុលា នេះ​សន្យា​ថា កញ្ញា​នឹង​មិន​លក់​ឧត្ដមគតិ ហើយ​ក្បត់​ឆន្ទៈ​របស់​ពលរដ្ឋ​ដើម្បី​លាភ សក្ការៈ លុយកាក់ ឬ​អំណាច​នោះ​ឡើយ៖ «ខ្ញុំ​សុខចិត្ត​បាត់បង់​មុខ​ដំណែង និង​ការងារ​ខ្ញុំ​មិន​អាច​យក​លុយ​មក​សុខ​ស្រួល​តែ​ម្នាក់​ឯង​ទេ នេះ​ជា​ឃ្លី​ប​វីដេអូ​របស់ខ្ញុំ ខ្ញុំ​និយាយ​ចេញពី​ចិត្ត ខ្ញុំ​ជា​មន្ត្រី​ដែល​ជាប់ឆ្នោត​មកពី​គណបក្ស​សង្គ្រោះ​ជាតិ»
យ៉ាងណាមិញ ក្រុម​ប្រឹក្សាឃុំ​ស្ទឹងកាច់ នៅ​ខេត្ត​ប៉ៃលិន​ម្នាក់​មកពី​គណបក្ស​សង្គ្រោះជាតិ លោក ឈុន សិទ្ធី ត្រូវ​ចាប់ខ្លួន​ទាំង​ដីកា និង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត បន្ទាប់ពី​នគរបាល​នាំ​ខ្លួន​អំពី​រឿង​បង្ហោះ​វីដេអូ ថា​មិន​ចូល​ជាមួយ​គណបក្ស​ប្រជាជន។

 សៀក មេគង្គ ២០១៦ ៦២២

ករណី​មួយទៀត​មេឃុំ​ស្រែគរ ឃុំ​សេសាន ខេត្ត​ស្ទឹងត្រែង លោក សៀក មេគង្គ ឲ្យ​ដឹង​ថា មាន​មន្ត្រី​គណបក្ស​គណបក្ស​ប្រជាជន​កម្ពុជា និយាយ​លួង​លោម​ឲ្យ​រូបលោក​ទៅ​ចុះចូល​ជា​គណបក្ស​ប្រជាជន​កម្ពុជា។ ប៉ុន្តែ​មេឃុំ​បក្ស​ប្រឆាំង​ជាប់ឆ្នោត​ពីរ​អាណត្តិ​រូប​នេះ ថា​លោក​មិន​ចាកចោល​គណបក្ស​សង្គ្រោះជាតិ​នោះ​ទេ។ លោក​ថា លោក​ធ្លាប់​ក្រ ធ្លាប់​ត្រូវ​ក្រសួង​មហាផ្ទៃ​កាត់​ប្រាក់ខែ ដូច្នេះ​បើ​នៅ​ពេល​ខាងមុខ លោក​អស់​ការងារ​ទៀត​ក៏​គ្មាន​អ្វី​ចំណែក​សម្រាប់​រូបលោក​ដែរ៖ «គាត់​និយាយ គាត់​ថា នេះ​ជា​ឱកាស​ហើយ​មេគង្គ​ឯង​មានតម្លៃ មេគង្គ​ឯង​ពិចារណា​ទៅ ខ្ញុំ​មាន​ឆន្ទៈ ខ្ញុំ​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះជាតិ​ជា​មនសិការ​របស់ខ្ញុំ ខ្ញុំ​សុខចិត្ត​ធ្វើស្រែ​ចម្ការ​ធម្មតា»
អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ​ម្នាក់ កញ្ញា ងឹម គាថា ស្នើ​ទៅ​សមាជិក​សភា និង​ក្រុមប្រឹក្សា​គណបក្ស​សង្គ្រោះជាតិ​ទាំងអស់ ត្រូវ​រក្សា​ជំហរ​របស់​ខ្លួន​កុំ​ក្បត់​ឆន្ទៈ​ម្ចាស់​ឆ្នោត៖ «ចំពោះ​ខ្ញុំ​ជា​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ សុំ​សំណូមពរ​ដល់​ពូៗ​បងៗ​ទាំងអស់​សូម​រក្សា​ជំហរ​របស់​ខ្លួន​បម្រើ​ប្រជារាស្ត្រ»
ជោគវាសនា​របស់​គណបក្ស​សង្គ្រោះជាតិ ថា នឹង​ត្រូវ​រំលាយ ឬ​រក្សាទុក​នៅ​ដដែល គឺ​ស្ថិត​ក្នុង​តុលាការ​កំពូល ព្រោះ​រដ្ឋាភិបាល​បាន​ប្ដឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចោល​តាម​សំណើ​គណបក្ស​តូចៗ​ពីរ​ដែល​គ្មាន​សំឡេង​ក្នុង​សភា។ នៅ​ពេល​នេះ​ដែរ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្ដេច នរោត្ដម សីហមុនី កាលពី​ថ្ងៃ​ទី​២៥ តុលា បាន​ឡាយ​ព្រះ​ហស្ថ​ដាក់​ឲ្យ​ប្រើប្រាស់​ច្បាប់​ចំនួន​៤ ទាក់ទង​នឹង​ការបោះឆ្នោត បន្ទាប់​ពី​ទើប​តែ​វិសោធនកម្ម​ចំនួន​៤ ដោយ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន ៦៧​រូប បាន​អនុម័ត ហើយ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​២៤ តុលា ថា ច្បាប់​ទាំងនោះ​ស្របតាម​រដ្ឋធម្មនុញ្ញ។ ច្បាប់​នេះ​ចែងថា នៅ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រំលាយ និង​កៅអី​របស់​គណបក្ស​នេះ​ទាំង​ក្នុង​សភា និង​នៅ​តាម​មូលដ្ឋាន​ទៅ​ចែក​ឲ្យ​គណបក្ស​ផ្សេង។
ចំណែក លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ម្ដង​ហើយ​ម្ដងទៀត បាន​អំពាវនាវ ទៅ​មេឃុំ​-​ចៅសង្កាត់ និង​ជំទប់​ឃុំ​-​សង្កាត់ របស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ចុះចូល​នឹង​លោក បើ​ពួកគេ​ចង់បាន​មុខ​ដំណែង​របស់​ខ្លួន​នៅ​ពេល​គណបក្ស​សង្គ្រោះជាតិ នឹង​ត្រូវ​រំលាយ​ចោល​ក្នុង​ពេល​ខាងមុខ​ដ៏​ខ្លី។ លោក​បន្ត​ថា គណបក្ស​កាន់អំណាច​នឹង​រៀបចំ​បញ្ជី​ឈ្មោះ​សាជាថ្មី ដើម្បី​ចុះឈ្មោះ មេឃុំ​-​ចៅសង្កាត់ ឬ​ជំទប់​ឃុំ-សង្កាត់ ដែល​លា​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ ចូល​ក្នុង​បញ្ជី​ឈ្មោះ​មេឃុំ​-​ចៅសង្កាត់ និង​ជំទប់​ឃុំ​-​សង្កាត់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​វិញ៖ «នៅ​ពេល​រលាយ​កៅអី​នឹង​ជា​ស្វ័យប្រវត្ត​បាន​មក​គណបក្ស​ប្រជាជន​អ៊ីចឹង​ទេ បើ​គេ​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ស្រុក យើង​ឈូស​បញ្ជី​ចូល​ដាក់ឈ្មោះ​ពួកគាត់​ថ្មី​ទៅ»
ដំណាលគ្នា​នេះ​ដែរ សហគមន៍​អន្តរជាតិ​កំពុង​មាន​ចំណាត់​ការ​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដូច​ទឹកបាក់​ទំនប់ សមាជិក​ព្រឹទ្ធសភា​អាមេរិក និង​ជា​អតីត​បេក្ខជន​ប្រធានាធិបតី មួយ​រូប បាន​ដាក់​ឱសានវាទ​ឲ្យ​រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រឹម​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ត្រូវ​ដោះលែង​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា បើ​មិន​ដូច្នេះ​ទេ សហរដ្ឋអាមេរិក នឹង​ដាក់​ទណ្ឌកម្ម លើ​មន្ត្រី​រដ្ឋាភិបាល​មិន​ឲ្យ​ចូល​អាមេរិក។
ចំណែក​ឯ​សមាជិកសភា​អឺរ៉ុប និង​ជា​អនុប្រធាន អនុ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​សហភាព​អឺរ៉ុប អ្នកស្រី បាបារ៉ា ឡុចប៊ីល័រ (Barbara Lochbihler) កាលពី​ថ្ងៃ​ទី​២០ តុលា កន្លង​ទៅ​នេះ លើក​ឡើង​ថា​សហភាព​អឺរ៉ុប កំពុង​ពិចារណា​ដាក់ទណ្ឌកម្ម​ដោយ​ផ្ទាល់ ឬ​អាច​ឈាន​ដល់​ការ​ឈប់​លើកលែង​ការ​អនុគ្រោះ សម្រាប់​ការ​នាំ​ទំនិញ​កម្ពុជា ចូល​ទីផ្សារ​ដ៏​ធំ​របស់​សហភាព​អឺរ៉ុប​ទៀតផ​ង។ រីឯ​សហភាព​អន្តរ​សភា ហៅ​កាត់​ថា IPU តំណាង​ឲ្យ​រដ្ឋសភា​មកពី ១៧៣​ប្រទេស​នៅ​ទូទាំង​ពិភពលោក បាន​អនុម័ត​សេចក្ដី​សម្រេច​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ធ្វើ​យុទ្ធនាការ​ធ្វើទុក្ខបុកម្នេញ​ឥត​ស្រាកស្រាន្ត មក​លើ​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ប៉ុនប៉ង​រំលាយ​គណបក្សប្រឆាំង​ធំ​ជាង​គេ​មួយ​នេះ​នៅ​កម្ពុជា។
ហើយ​នៅ​ចុងក្រោយ​នេះ គឺ​អង្គការសហប្រជាជាតិ ថា​ខ្លួន​កំពុង​សិក្សា​លើ​ខ្លឹមសារ​លិខិតស្នើ​កោះ​ប្រជុំ​ប្រទេស​ហត្ថលេខី​២៣ តុលា ដែល​សំណើ​នេះ ធ្វើឡើង​ដោយ​អង្គការ​សង្គម​ចំនួន ៥៥​ស្ថាប័ន។ទាក់ទង​ការ​ចាក​ចេញ​របស់​មន្ត្រី​គណបក្សប្រឆាំង និង​ផែនការ​រំលាយ​គណបក្ស​នេះ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក ប៉ុល ហំម និយាយ​ថា លោក​មិន​គ្មាន​ការ​ព្រួយ​បារម្ភ​អ្វី​ដែល​ចំពោះ​ផែនការ​រំលាយ​បក្ស និង​ការ​ចុះ​ចូល​របស់​សមាជិក​សភា សមាជិក​ក្រុមប្រឹក្សា ខេត្ត ស្រុក ខណ្ឌ និង​ឃុំ​-​សង្កាត់​របស់​គណបក្ស​សង្គ្រោះជាតិ ទៅ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​បន្ត​ថា អ្នកណា​ទៅ​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច គេ​ជា​អ្នកទទួលខុសត្រូវ​ចំពោះ​ម្ចាស់​ឆ្នោត និង​ប្រវត្តិសាស្ត្រ៖ «អត់​មាន​យល់​អី​ទាំងអស់​គាត់​ចង់បាន​ឲ្យ​គាត់​យក​ទៅ ហើយ​អ្នកណា​គេ​ចង់​ទៅ​ឲ្យ​គេ​ទៅ​ចុះ អាណឹង​ជា​សិទ្ធិ​របស់​គេ ប៉ុន្តែ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​គឺជា​រឿង​ផ្សេង គាត់​ទៅ​អត់​បាន​យក​ឆន្ទៈ​ពលរដ្ឋ​ទៅជា​មួយ​ទេ»
សព្វថ្ងៃ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​អ្នក​គាំទ្រ​កន្លះ​ប្រទេស មាន​តំណាងរាស្ត្រ ៥៥​រូប និង​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ឃុំ​សង្កាត់​ទូទាំង​ប្រទេស​ជិត​៦០០០​ពាន់​នាក់។ ប៉ុន្តែ​ទើបតែ​មាន​តំណាងរាស្ត្រ​នេះ​មួយ​រូប​នៅ​មណ្ឌល​ព្រៃវែង លោក ឡុង ប៊ុន្នី និង​សមាជិក​ប្រឹក្សា ជាង​១០​រូប ប៉ុណ្ណោះ រត់​ទៅ​ចុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ព្រោះ​ខ្លាច​បាត់​ដំណែង។ ចំនួន​បាត់បង់​នេះ មិនទាន់​ស្មើ​មួយ​ភាគរយ នៃ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ទូទាំង​ប្រទេស​នៅឡើយ​ទេ។
អ្នកសិក្សា​ការ​អភិវឌ្ឍ​សង្គម​លោក​បណ្ឌិត មាស នី ធ្លាប់​លើក​ឡើង​ថា គណបក្ស​នឹង​ត្រូវ​រំលាយ​ចោល​មុន​ការបោះឆ្នោត​ឆ្នាំ​២០១៨។ ចំណែក​អ្នកនយោបាយ​ជើងចាស់​លោក​បណ្ឌិត ឡៅ ម៉ុងហៃ ថា​បើ​គណបក្ស​នេះ​ត្រូវ​រំលាយ​មែន ពលរដ្ឋ​ជាង ៣​លាន​នាក់​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ នឹង​ងើប​ប្រឆាំង​តវ៉ា ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ជួប​វិបត្តិ​ទាំង​ក្នុង​ស្រុក និង​ការ​ដាក់​ទណ្ឌកម្ម​ពី​អន្តរជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



No comments:

Post a Comment

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
រក្សាសិទ្ធគ្រាប់យ៉ាងដោយ CNRP Media Team
http://www.freedomnews.club/

Post Top Ad

Your Ad Spot

Pages