free dailay news,wesbite seo training,blogger seo tool,game review,lastest mobile review,trust site for online jobs,earn 1000$ per month from youtbe and google ads,cambodia traveling,free wacth action movies

test

Breaking

Post Top Ad

Your Ad Spot

Thursday, October 19, 2017

ប្រវត្តិ​កោះ​ត្រល់​ ត្រូវ​បាន​បញ្ចូល​ក្នុង​ កម្ម​វិធី​សិក្សា​ក្រសួង​អប់​រំ

Image result for កោះត្រល់
ភូមិសាស្ត្រកោះត្រល់ នៃដែនសមុទ្រកម្ពុជា ដែលដើមឡើយជា កោះប្រវត្តិសាស្ត្រ នៃ ប្រទេសកម្ពុជា បានត្រូវកត់ត្រា ដាក់ចូលក្នុង សៀវភៅសិក្សាសង្គមថ្នាក់ទី៨ នៃ ការបោះពុម្ពផ្សាយឆ្នាំ ២០១១ របស់ក្រសួងអប់រំ យុវជន និង កីឡា គឺជា ការបង្កើតបាននូវការរំលឹកឡើងវិញ ពី ប្រវត្តិកោះសមុទ្រដ៏ធំមួយនេះ ធ្លាប់ស្ថិតនៅក្នុងការគ្រប់គ្រង របស់ កម្ពុជា កាលពីសម័យរាជាណាចក្រមុនៗ គឺ នៅមុន ការចូលមកដាក់នឹមត្រួតត្រា របស់ អតីតអាណានិគម បារាំងនៅឆ្នាំ១៨៦៣។
នៅក្នុងសៀវភៅសិក្សាសង្គមរបស់សិស្សថា្នក់ទី៨ នៅទំព័រទី៣ បានសរសេរថា តំបន់មាត់សមុទ្រ តំបន់នេះស្ថិតនៅ ប៉ែកនិរតីប្រទេសកម្ពុជា មានខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកែប និង ខេត្តកំពត ហើយចែកចេញជាបីផ្នែក មានទំនាបឆ្នេរ ឆ្នេរ និងឈូង និងមានប្រវែង ៤៤០គីឡូម៉ែត្រ ពីតំបន់ចាំយាមព្រំដែនថៃ ដល់ហាទៀងព្រំដែនប្រទេសវៀតណាម។ ឈូងសមុទ្រកម្ពុជា សំបូរដោយប្រជុំកោះ ដូចជា កោះកុង កោះរ៉ង់ កោះរង់សន្លឹម កោះថ្មី កោះទន្សាយ កោះតាង កោះពូលូវៃ ហៅកោះអាចម៍សេះជាដើម។ ប៉ុន្តែកោះត្រល់ ជាកោះភ្នំដ៏ធំមួយនៅបាំងពីមុខខេត្តកំពត ដែលពីដើមឡើយជាផ្នែកមួយនៃទឹកដីខ្មែរ បច្ចុប្បន្ននេះ បានកាន់កាប់ដោយប្រទេសវៀតណាម ដែលភាសាវៀតណាម ហៅថា កោះភូកុក (Phu Quoc) ។
ប៉ុន្តែប្រវត្តិសាស្ត្រ មិនបានវិលទៅរកអតីតកាលនោះទេ គេថាកង់រទេះវិលបានក៏អាស្រ័យ លើការទាញរបស់សត្វពាហនៈ។ ការកាត់កោះត្រល់ចូលក្នុងទឹកដីកូសាំងស៊ីន គឺជាការទទួលខុសត្រូវមួយរបស់អាណានិគមបារាំង ដែលក្រោយមក វាបានក្លាយជារបស់វៀតណាមដោយជៀសមិនរួច គឺដោយសារតែអតីតអាណានិគមនេះ បានកាត់ដោយជាមួយនឹងទឹកដីកម្ពុជាក្រោមកាលពីថ្ងៃ៤ ខែមិថុនា ឆ្នាំ១៩៤៩។
Image result for កោះត្រល់
លោក សឺន ស៊ូប៊ែរ្តិ៍ អ្នកនយោបាយខ្មែរម្នាក់ មកពីគណបក្សសិទិ្ធមនុស្ស និងជាអ្នកវិភាគខាងប្រវត្តិសាស្ត្រខ្មែរមួយរូប មិនបានស្ដីបន្ទោសមកលើមេដឹកនាំខ្មែរគ្រប់ជំនាន់ទេ តែគាត់ថាគឺជាកាតព្វកិច្ចមួយរបស់ប្រទេសអាណានិគមបារាំង ៖”មែនទែនទៅចៅហ្វាយស្រុកនៅ កំពត សូមអោយបារាំងជួយមើលព្រោះពីខ្មែរទៅពិបាកជិះការណូតអីទៅ ជិះទូកទៅម្ល៉ោះហើយអោយបារាំងជួយមើលកោះហ្នឹង បារាំងហ្នឹងវាបានដាក់ចូលទៅក្នុងរដ្ឋបាលកូសាំងស៊ីន ដល់ឆ្នាំ១៩៤៩ បារាំងផ្ដល់កូសាំងស៊ីនទៅ អធិរាជបាវដាវភ្ជាប់តាំងពីកោះត្រល់ហ្នឹងទៅ”។
បើនិយាយពីប្រវត្តិសាស្ត្ររបស់ទឹកដីកម្ពុជា កោះត្រល់ ពិតជាផ្នែកមួយរបស់កម្ពុជា យ៉ាងពិតប្រាកដ ប៉ុន្តែភាពមិនច្បាស់លាស់ បានកើតឡើងនៅពេលអាណានិគមបារាំងបានកាត់តំរឹមខ្សែព្រំដែនទឹកសមុទ្រជាមួយដែនដីកម្ពុជាក្រោម គេហៅថា តំបន់កូសាំងស៊ីន ទៅអោយវៀតណាម ។
ប៉ុន្តែបើវិលទៅរកសម័យកាលស្ដេចអង្គឌួង រហូតមកដល់សម័យកាលរបស់អតីតព្រះមហាក្សត្រព្រះនរោត្តម សីហនុ កាលពីក្នុងទសវត្ស ១៩៦០ ព្រះអង្គមិនដែលបានទទួលស្គាល់ទាំងស្រុងថា កោះត្រល់គឺជាផ្នែកមួយរបស់វៀតណាមនោះទេ។ តែបើគិតមកដល់ពេលនេះ គឺកាន់តែជ្រៅប្រវត្តិសាស្ត្រ ពិតជាមិនវិលត្រឡប់ក្រោយវិញឡើយ។ ការគ្រប់គ្រង កោះត្រល់ ដោយប្រទេសវៀតណាម គឺនៅតែជាកំហុសរបស់អាណានិគមបារាំង និងមេដឹកនាំខ្មែរជំនាន់មុនៗ ។
Image result for កោះត្រល់
លោក សុខ ទូច បណ្ឌិតវិទ្យាសាស្ត្រខាងនយោបាយ មានប្រសាសន៍ថា បើគិតទៅអតីតកាល គឺជាការទទួលខុសត្រូវរួមគ្នា ទាំងអាណានិគមបារាំង ក៏ដូចមេដឹកនាំខ្មែរជំនាន់មុន ៖” ការបាត់បង់នេះ ហៅថាពពួក តាមដែលខ្ញុំដឹងវាក្លាយជាឈ្មោះវៀតណាមទៅហើយ ខេត្តច្រើនឯទៀត ដែលប្រែក្លាយជា ខេត្តខ្មែរ ខេត្តឃ្លាំង អីហ្នឹងទៅជា ខេត្តឈ្មោះវៀតណាម នេះជាប្រវត្តិសាស្ត្រមួយ ប្រវត្តិសាស្ត្រនេះ គឺជា ការជូរចត់សម្រាប់ អ្នកដឹកនាំជំនាន់មុនៗ ដែលលោកមិនបានដោះស្រាយរឿងនេះ អោយបានជ្រះស្រឡះ មុននៃការបណ្ដេញអាណានិគមបារាំង”។
កោះត្រល់ ដែលវៀតណាម ហៅថា កោះភូកុក វាមានទំហំដី ៥៧៤គីឡូម៉ែត្រការ៉េ។ បើតាមគេហទំព័រ Wikipedia អន្តរជាតិ វាស្ថិតនៅក្នុងទឹកដីភូមិសាស្ត្រ ខេត្តគៀងអាង ប្រទេសវៀតណាម។ វាជាតំបន់ទេសចរណ៍ ដ៏មានប្រជាប្រិយភាពរបស់វៀតណាម។  វាសម្បូរដោយ ត្រី និង ជាសំបុកចំការម្រេចរបស់ប្រជាជនវៀតណាម។  កោះ Phu Quoc បានក្លាយជាដែនទឹកប្រវតិ្តសាស្ត្រ របស់ វៀតណាម នេះ បើតាមផ្ទាំងសីលាវត្ត Cau វៀតណាម នៅឆ្នាំ១៩៣៧ ។  កាលពីក្នុង សង្គ្រាមវៀតណាម នៅឆ្នាំ១៩៧៣ កោះនេះបានក្លាយជា ជំរុំឃុំអ្នកទោសដ៏ធំបំផុត របស់ វៀតណាមខាងត្បូង។
Image result for កោះត្រល់
សំរាប់លោក វ៉ា គឹមហុង ប្រធានគណកម្មាធិការព្រំដែនកម្ពុជា ក៏មានប្រសាសន៍ថា អគ្គទេសាភិបាលបារាំងកាលណោះ បានយកមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន នៅឆ្នាំ១៩៣៩ ហើយក្រោយមកកាត់ទៅអោយវៀតណាមតាមរយៈទឹកដីកូសាំងស៊ីន ៖”ដូច្នេះតាំងពីឆ្នាំ១៩៤៩ បារាំងដាក់អោយភ្ជាប់ខេត្តហាទៀង តាំងពី១៩៤៩ មកដល់ឥឡូវយើងអត់ដែលមានពេលជជែកដេញដោលអោយស៊ីជំរៅទេ រហូតដល់១៩៦៤ព្រះករុណាដាក់ផែនទីទៅអោយអង្គការសហប្រជាជាតិ អោយប្រទេសជិតខាងទទួលស្គាល់ យើងដាក់ខ្សែ ប្រ៊ីយេ អគ្គទេសាភិបាល ថាអោយកោះត្រល់នៅក្រោមការគ្រប់គ្រងហាទៀង ហ្នឹងកំពុងទាមទាររឿងព្រំដែនរវាងប្រទេសកម្ពុជា វៀតណាម ។ វៀតណាមគេអត់ព្រមទេ គេអត់ឆ្លើយទេ”។
Image result for កោះត្រល់
បើតាមគេហទំព័រ Wikipedia អន្តរជាតិនៅថ្ងៃទី១ ខែឧសភា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហម បានចូលវាយលុកហើយបានកាន់កាប់កោះនេះ ប៉ុន្តែភ្លាមៗនោះកងទ័ពវៀតណាមបានចូលដណ្ដើមកាន់កាប់បានវិញ ។
លោក រ៉ុង ឈុន សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ មានប្រសាសន៍ថា ជាការល្អ អី្វជាប្រវត្តិសាស្ត្រ គឺត្រូវតែអោយ កូនខ្មែរបានដឹងនោះ បើទោះបីមានការប្រែប្រួលយ៉ាងក៏ដោយ ៖” តាមការពិតប្រវត្តិសាស្ត្រគឺជាមុខវិជ្ជាពិត ហើយខ្ញុំគិតថាអ្វី ដែលក្រសួងលើកឡើងដាក់បញ្ចូលក្នុងកម្មវិធីសិក្សាអប់រំនិយាយពីបញ្ហា ប្រវត្តិកោះត្រល់ ដែលជាកោះរបស់ខ្មែរ ហើយបានចូលក្នុងសៀវភៅសិក្សាប្រវត្តិសាស្ត្រ យើងគិតថាចង់អោយកូនខ្មែរបានដឹងលឺស្វែងយល់អំពីប្រវត្តិសាស្ត្រអំពីកោះត្រល់”។
Image result for កោះត្រល់
យ៉ាងណាក៏ដោយគេថា រឿងរ៉ាវប្រវត្តិសាស្ត្រនៃដែនទឹកសមុទ្រកោះត្រល់ ដែលវៀតណាម ហៅថា កោះភូកុក វាបានដើរឆ្ងាយជិត ១០០ឆ្នាំ ទៅហើយបើយើងក្រឡែកទៅរកអតីតកាលគឺសែនឆ្ងាយសន្លឹម ដូចជើងមេឃតែបើតាមសៀវភៅសិក្សាសង្គមថ្នាក់ទី៨ នៃក្រសួងអប់រំប្រទេសកម្ពុជា កោះត្រល់ ឬកោះភូកុក គឺជាកោះភ្នំដ៏ធំមួយនៅបាំងពីមុខខេត្តកំពត។ បើយ៉ាងណាប្រវត្តិសាស្រ្តបានរំកិលទៅមុខគ្មានពេលឈប់ឡើយ៕
Loading...

No comments:

Post a Comment

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
រក្សាសិទ្ធគ្រាប់យ៉ាងដោយ CNRP Media Team
http://www.freedomnews.club/

Post Top Ad

Your Ad Spot

Pages