(ភ្នំពេញ)៖ សេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិក តាមរយៈ អគ្គរដ្ឋទូត អាមេរិក លោក វីល្លាម ហេតបានថ្លែងការអំពីការអាក់អន់ចិត្តថា ” រដ្ឋាភិបាលអាមេរិក សភាអាមេរិក និង ពលរដ្ឋអាមេរិកទូទាំងប្រទេស មានសេចក្តីឈឺចាប់ អាម៉ាស និងមានអារម្មណ៍ថាកំពុងទទួលរងការប្រមាថយ៉ាងធ្ងន់ធ្ងរ ចំពោះការចោទប្រកាន់ដោយឥតភស្តុតាងថាអាមេរិកបានរៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ” ។

លោក វីល្លាម ហេត ថ្លែងបែបនេះ នៅក្នុងជំនួបតុមូលជាមួយអ្នកសារព័ត៌មានជាតិ និង អន្តរជាតិនៅឯស្ថានទូតអាមេរិកកាលពីរសៀលថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៧ នេះ ។
ទោះជាយ៉ាងណាភ្លាមៗក្រោយទូតអាមេរិកហៅអ្នកកាសែតទៅស្តាប់បកស្រាយរបស់ខ្លួនបូករួមទាំងចេញសេចក្តីថ្លែងការណ៍ផង មន្ត្រីជាន់ខ្ពស់កម្ពុជាម្នាក់បានតបវិញតាមរយៈហ្វ្រេសញូវ ថា «ការនិយាយរបស់លោក កឹម សុខា នៅក្នុងវិដេអូ ដូចដែលបានឃើញនោះគឺជាភស្តុតាងយ៉ាងច្បាស់ និងគ្រប់គ្រាន់, ដែលនេះជាទង្វើក្បត់ជាតិដ៏ធ្ងន់ធ្ងររបស់លោក កឹម សុខា ជាមួយសហរដ្ឋអាមេរិកដើម្បីចង់ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់។បើអ្វីដែលលោក កឹម សុខា បាននិយាយនៅក្នុងវិដេអូនោះ មិនមានភាព ច្បាស់លាស់ហេតុអ្វីស្ថានទូតអាមេរិក មិនចេញមកបដិសេធចំពោះការនិយាយរបស់លោក កឹម សុខា ? តើសហរដ្ឋអាមេរិក ជាអ្នកចោទប្រកាន់លោក កឹម សុខា ឬលោក កឹម សុខា ជាអ្នកចោទប្រកាន់សហរដ្ឋអាមេរិក ? »។
គួររំលឹកថា ស្របជាមួយនឹងការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ កាលពីយប់ថ្ងៃទី២ ខែ កញ្ញា ឆ្នាំ ២០១៧ ពីបទក្បត់ជាតិ នោះ រដ្ឋាភិបាលកម្ពុជា ក៏បានថ្លែងចំៗផងដែរថា អាមេរិក គឺជាអ្នកនៅពីក្រោយខ្នងមេបក្សប្រឆាំងរូបនេះក្នុងការរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ។
លោក វីល្លាម ហេត បានបន្ថែមថា សហរដ្ឋអាមេរិក បានបើកទីផ្សារជូនកម្ពុជា កាត់បន្ថយពន្ធដារ ថែមទាំងបានផ្តល់ជំនួយដោយផ្ទាល់ ដល់កម្ពុជា រយៈពេល២០មកនេះ មានទឹកប្រាក់សរុប៣៦ ពាន់លានដុល្លារអាមេរិក ស្មើនឹងសេដ្ឋកិច្ចនៃប្រទេសកម្ពុជាទាំងមូលរយៈពេល ៤ឆ្នាំ ។ មិនតែប៉ុណ្ណោះ ថ្មីៗនេះ អាមេរិក បានបង្កើតឧស្សាហកម្មថ្មីសន្លាងមួយទៀតជូនកម្ពុជា ស្តីពីទំនិញសម្រាប់ការធ្វើដំណើរដែលមានទឹកប្រាក់១០០ លានដុល្លារអាមេរិក និងប្រើកម្លាំងពលកម្ម ១០ម៉ឺននាក់ ។ បើអាមេរិកមានបំណងផ្តួលរំលំរដ្ឋាភិបាលកម្ពុជាមែននោះ តើអាមេរិក ចាំបាច់ជួយជ្រោមជ្រែងរដ្ឋាភិបាលកម្ពុជា រហូតកម្ពុជារីកចម្រើន គ្រប់វិស័យ រឹងមាំរហូតមកដល់សព្វថ្ងៃធ្វើអ្វី ?
នៅពេលសួរថា តើទំនាក់ទំនងរវាង អាមេរិក និងកម្ពុជា នឹងមានភាពរង្គោះរង្គើដែរ ឬ យ៉ាងណា ចំពោះការបណ្តេញបុគ្គលិក NDI ចេញពីប្រទេសកម្ពុជា និង វិធានការច្បាប់រហូតឈានដល់ការបិទកាសែត The Cambodia Daiy នាពេលថ្មីនេះហើយថាតើអាមេរិក នឹង មានវិធានការ ដូចជាដាក់សម្ពាធ ឬ កាត់ជំនួយពីកម្ពុជាដែរ ឬ យ៉ាងណានោះ លោកវីល្លាម ហេត បានឆ្លើយថាចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ល្អក់កករ ឬ ល្អប្រសើរយ៉ាងណានោះ គឺវាអាស្រ័យលើរដ្ឋាភិបាលកម្ពុជា ។ ចំណែកថា អាមេរិកនឹងមានវិធានការយ៉ាងណានោះ លោកវីល្លាម ហេត ឆ្លើយថា លោកមិនចង់ធ្វើបុរេវិន្នច្ឆ័យ ឬ សន្និដ្ឋានជាមុនទេ ។
ទោះយ៉ាងណា ស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា ដោះលែង លោក កឹម សុខា បញ្ឈប់ការដាក់សម្ពាធទៅលើបក្សប្រឆាំង និងបើកឱ្យសារព័ត៌មានឯករាជ្យ ដំណើរការឡើងវិញ ដើម្បីស្តារសិទ្ធិក្នុងការបញ្ចេញមតិ និងបង្កើតបរិយាកាសល្អ ឡើងវិញ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ ២០១៨ ខាងមុខ ។
យោងតាមសេចក្ដីថ្លែងការណ៍ ដែលចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញានេះ លោក William A. Heidtឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា បានអះអាងថា ការចោទប្រកាន់លើសហរដ្ឋអាមេរិក ទាក់ទងនឹងការចាប់ខ្លួនលោក កឹម សុខា គឺគ្មានភស្ដុតាងច្បាស់លាស់ និងជាការចោទប្រកាន់មិនធម្មតា។
សេចក្ដីថ្លែងការណ៍នេះ លោកឯកអគ្គរដ្ឋទូតបានបន្ថែមថា “…ក្នុងឆ្នាំកន្លងទៅនេះ ជាច្រើនដងហើយដែលសហរដ្ឋអាមេរិកបានរងការចោទប្រកាន់ដោយគ្មានមូលដ្ឋាន មិនត្រឹមត្រូវ និងខុសដោយចេតនា។ វាធ្វើឲ្យខ្ញុំឈឺចាប់ណាស់។…”។
ក្នុងនេះដែរ លោកក៏បានលើកឡើងនូវការពន្យល់បីចំណុច ថា ៖
ចំណុចទី១.រាល់ការចោទប្រកាន់ ដែលបានឮក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ស្ដីពីសហរដ្ឋអាមេរិក គឺសុទ្ធតែខុសទាំងអស់។អត្ថបទនៅក្នុងសារព័ត៌មានថ្មីៗនេះ ស្ដីពីការចាប់ខ្លួនលោក កឹម សុខា ត្រូវបានគេសរសេរខុសទាំងស្រុង និងដោយចេតនាក្នុងការហៅអ្វីសហរដ្ឋអាមេរិកកំពុងធ្វើនៅកម្ពុជា។ វាជាការបង្វែរការយកចិត្តទុកដាក់ ចេញពីបញ្ហាយ៉ាងពិតប្រាកដមែន។
ចំណុចទី២.ព្រឹត្តិការណ៍នៅខែកន្លងទៅនេះ មិនប៉ះពាល់ទៅលើសហរដ្ឋអាមេរិកទេតែវាប៉ះពាល់ទៅលើប្រទេសកម្ពុជាទៅវិញទេ។មួយជំហ៊ានម្ដងៗ ព្រឹត្តិការណ៍នេះ កំពុងធ្វើឲ្យប្រទេសកម្ពុជា ឯកោពីសហគមន៍អន្ដរជាតិក្នុងពេលដែលកម្ពុជាត្រូវការជំនួយគាំទ្រពីសហគមន៍អន្ដរជាតិ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចរបស់ខ្លួនឲ្យឡើងមួយកម្រិតទៀត ហើយប្រកួតប្រជែងជាមួយប្រទេសជិតខាងនៅក្នុងសហគមអាស៊ាន។
ចំណុចទី៣.ទោះបីមានព្រឹត្តិការណ៍កើតឡើងទាំងអស់កាលពីខែមុនក្ដី ខ្ញុំគិតថា នៅតែមានពេលដើម្បីសង្គ្រោះការបោះឆ្នោតឆ្នាំ២០១៨របស់កម្ពុជាបាន បន្ដការអភិវឌ្ឍន៍ប្រជាធិបតេយ្យរបស់កម្ពុជា និងស្ដារទំនាក់ទំនងទ្វេភាគីរបស់យើង។ប៉ុន្ដែវាទាមទារឲ្យមានសកម្មភាពយ៉ាងម៉ឺងម៉ាត់៕
No comments:
Post a Comment
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
រក្សាសិទ្ធគ្រាប់យ៉ាងដោយ CNRP Media Team
http://www.freedomnews.club/