នៅថ្ងៃចន្ទនេះ ក្រុមមេធាវីការពារក្ដី លោក កឹម សុខា បានធ្វើដំណើរទៅជួបលោក កឹម សុខា នៅឯពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ។ មេធាវីបានកត់សម្គាល់ថា លោក កឹម សុខា រក្សាភាពស្ងៀមស្ងាត់ពេលដឹងបណ្ដឹងរំលាយបក្សទៅដល់ដៃតុលាការកំពូល។
លោក សំ សុគង់ មេធាវីម្នាក់ក្នុងចំណោមមេធាវីការពារក្ដីលោក កឹម សុខា ទាំងប្រាំរូបបានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិថា មេធាវីបានជជែកគ្នាជាមួយ លោក កឹម សុខា ជុំវិញបណ្ដឹងរំលាយគណបក្សសង្គ្រោះជាតិ ដែលបានទៅដល់ដៃតុលាការ កាលពីថ្ងៃសុក្រសប្ដាហ៍មុននោះ។
ក្នុងអំឡុងពេលជជែកនោះប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា រក្សាភាពស្ងៀមស្ងាត់ដោយចាត់ទុកថា នេះគឺសិទ្ធរបស់ដើមបណ្ដឹង ដែលគេដឹងថា ជាក្រសួងមហាផ្ទៃ ដែលធ្វើទៅតាមសំណើររបស់គណបក្សចំនួនពីរគឺគណបក្សយុវជនកម្ពុជា និងគណបក្សហ៊្វុន ស៊ិនប៉ិច។ ហើយចំពោះពាក្យបណ្ដឹងរំលាយគណបក្សនេះ ក្រុមមេធាវីក៏មិនទាន់ទទួលបានការពឹងពាក់ពីខាងគណបក្សដើម្បីចូលរួមការពារក្ដីនេះដែរទេ។ នេះបើតាម លោក សំ សុគង់ ។
ទាក់ទងដំណើរការវិវត្តន៍ នៃពាក្យបណ្ដឹងរំលាយគណបក្សសង្គ្រោះជាតិគឺតុលាការកំពូលកំពុងពិនិត្យបណ្ដឹងនេះ។ អ្នកនាំពាក្យតុលាការកំពូល លោក មុនី ជោត បានអះអាងថា បណ្ដឹងសុំរំលាយគណបក្សសង្គ្រោះជាតិត្រូវបានកំណត់នៅក្នុងច្បាប់ថ្មី ដូច្នេះត្រូវការពេលវេលាពិនិត្យច្បាប់នេះ ដើម្បីដំណើរការនីតិវិធី។
ដោយឡែក ចំពោះសំណុំរឿងក្បត់ជាតិវិញ កំពុងស្ថិតនៅក្នុងដៃចៅក្រមស៊ើបសួរនៃសាលាដំបូងដែលមេធាវីបានដាក់ជូនកាលពីខែ ដើម្បីសុំឲ្យមានការដោះលែង និងលើកលែងការចោទប្រកាន់មកលើលោក កឹម សុខា។
ចំណែកក្រុមមេធាវីវិញ អ្វីដែលពួកគេកំពុងធ្វើនាពេលនេះ ស្វែងរកវីដេអូឃ្លីបពេញរបស់លោកកឹម សុខា ថ្លែងនៅប្រទេសអូស្ត្រាលី ដែលមានរយៈពេលជិត២ម៉ោង ដើម្បីយកមកចងក្រងចេញជាឯកសារ ហើយរក្សាទុកជាភស្តុតាងក្នុងការតតាំងក្ដី។ រហូតទល់នឹងពេលនេះមេធាវី នៅតែអះអាងថា វីដេអូឃ្លីបដែលកំពុងបន្តចែកផ្សាយរាល់ថ្ងៃនេះ មិនអាចយកជាមូលដ្ឋានគ្រឹះចោទ លោក កឹម សុខា ពីបទក្បត់ជាតិបានទេ៕
No comments:
Post a Comment
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
រក្សាសិទ្ធគ្រាប់យ៉ាងដោយ CNRP Media Team
http://www.freedomnews.club/