free dailay news,wesbite seo training,blogger seo tool,game review,lastest mobile review,trust site for online jobs,earn 1000$ per month from youtbe and google ads,cambodia traveling,free wacth action movies

test

Breaking

Post Top Ad

Your Ad Spot

Thursday, October 19, 2017

អង្គការសង្គមស៊ីវិលជាង ៣០ ស្ថាប័នអំពាវនាវឲ្យម្ចាស់ហត្ថលេខីទាំង ១៨ ប្រទេសនិងសហប្រធានសន្និសីទក្រុងប៉ារីសកោះប្រជុំបន្ទាន់រឿងកម្ពុជាដើរខុសផ្លូវប្រជាធិបតេយ្យ សេរីពហុបក្ស


ប្រភពវីអូឌី ៖ បណ្ដុំអង្គការសង្គមស៊ីវិលអំពាវនាវឲ្យម្ចាស់ហត្ថលេខី និងអតីតសហប្រធាន​នៃសន្និសីទ​ទីក្រុងប៉ារីស បើកកិច្ចប្រជុំ ស្ដីអំពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ដោយពួកគេយល់ថា រដ្ឋាភិបាលកំពុងប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីគំរាមកំហែងសំឡេងរិះគន់ និងបក្សប្រឆាំង ដែលផ្ទុយពីយន្ដការប្រជាធិបតេយ្យ។



ក្នុងកិច្ចពិភាក្សាមួយនៅព្រឹកនេះ  ក្រុមអង្គការសង្គមស៊ីវិលជាង ៣០ ស្ថាប័ន បានយកឳកាសនេះ អំពាវនាវឲ្យម្ចាស់ហត្ថលេខីទាំង ១៨ ប្រទេស និងអតីតសហប្រធាននៃសន្និសីទក្រុងប៉ារីស ដែលរួមមាន ប្រទេសបារាំង និងឥណ្ឌូនេស៊ី កោះប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សាអំពីស្ថានភាព
សិទ្ធិមនុស្សនៅកម្ពុជា និងដាក់វិធានការចាំបាច់មួយចំនួន ដើម្បីបង្ខំរដ្ឋាភិបាលងាកមក​អនុវត្តតាម​យន្ដការប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សឲ្យបានពេញលេញ ដូចដែលខ្លួនបានសន្យា ។



ក្នុងសេចក្ដីព្រាងសេចក្ដីថ្លែងការណ៍ ក្រុមអង្គការសង្គមស៊ីវិល បានយោងមាត្រាមួយ នៃកិច្ចព្រមព្រៀងក្រុងប៉ារីស ដោយថា៖ «សហប្រធានចំនួន ២ នៃសន្និសីទទីក្រុងប៉ារីស រួមមាន បារាំង និង ឥណ្ឌូនេស៊ី គប្បីផ្ដួចផ្ដើមឲ្យមានការពិគ្រោះយោបល់សមស្របជាបន្ទាន់ ក្នុងគោល​បំណងស្វែងរកវិធានការសមស្រប ដើម្បីធានាការគោរពកិច្ចព្រមព្រៀងស្ដីពី​ដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា ក្នងករណីមានការរំលោភបំពាន ឬគំរាមកំហែងណាមួយ»។
យ៉ាងនេះក្ដី លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ធ្លាប់បានលើកឡើងកាលពីពេលថ្មីៗថា ការប៉ុនប៉ងជំរុញឲ្យមានកោះប្រជុំសន្និសីទទីក្រុងប៉ារីសឡើងវិញ លោកថា មិនអាចទៅរួចនោះទេ។



នាយកប្រតិបត្តិគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា លោក សឿង សារឿន មានប្រសាសន៍ថា កិច្ចប្រជុំនៅថ្ងៃនេះ គឺដើម្បីពិភាក្សាលើខ្លឹមសារ និងស្មារតី នៃកិច្ចព្រមព្រៀង​ទីក្រុងប៉ារីស ដែលកម្ពុជា ជាប្រទេសហត្ថលេខី មុននឹងចេញសេចក្ដីថ្លែងការណ៍​ផ្លូវការ ដើម្បីទទូចឲ្យរដ្ឋាភិបាល គោរពសិទ្ធិមនុស្ស និងកិច្ចព្រមព្រៀងទីក្រុងប៉ារីសឲ្យបានពេញលេញ។
លោកយល់ថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស មិនទាន់ស្លាប់ ដូចការលើកឡើងរបស់លោក​នាយករដ្ឋមន្ដ្រីនោះទេ ដោយថា កិច្ចព្រមព្រៀងនេះមានសារៈសំខាន់ណាស់ ដើម្បីធានាសន្ដិភាព ការអភិវឌ្ឍជាតិពិសេសគឺលើកកម្ពស់ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោកថា៖ «យើងអំពាវនាវរដ្ឋាភិបាល ក៏ដូចជារដ្ឋាភិបាលរដ្ឋហត្ថលេខី នៃកិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ឲ្យលោកពិនិត្យឡើងវិញ តើរយៈពេល២៦ឆ្នាំ កន្លងមកនេះ ការប្ដេជ្ញាចិត្តនៅទីក្រុង​ប៉ារីស​ហ្នឹង វាបានអនុវត្តពេញលេញអីខ្លះ ហើយមានចំណុចណាខ្លះ ដែលគួរធ្វើឲ្យប្រសើរឡើង​បន្ថែម​ទៀត ហើយនិងកាតព្វកិច្ច របស់រដ្ឋហត្ថលេខីទាំង១៨ និងអង្គការសហប្រជាជាតិថាគាត់ គួរតែ​ធ្វើអីទៀត ជួយកម្ពុជាឲ្យកាន់តែប្រសើរ ដើម្បីឲ្យកម្ពុជា កាន់តែមានប្រយោជន៍»។




ប្រធានគណៈកម្មាធិការលើកស្ទួយស្ត្រីក្នុងនយោបាយ លោកស្រី ធីតា ឃឹះ រិះគន់ថា កម្ពុជាហាក់​ប្រាស់ចាកពីគោលការណ៍មួយចំនួន ដែលកំណត់ក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីស ដូចជា បញ្ហាគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស កម្សោយនៃការអនុវត្តច្បាប់ បញ្ហាអព្យាក្រឹត្យភាពរបស់កម្ពុជា និងសកម្មភាពគំរាមកំហែងជាបន្ដបន្ទាប់ លើក្រុមអង្គការ​សង្គម​ស៊ីវិល និងសំឡេងឯករាជ្យ នៅមុនការបោះឆ្នោត ឆ្នាំ២០១៨ ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ច្រានចោលការលើកឡើង របស់ក្រុមអង្គការសង្គមស៊ីវិលទាំងនេះ ដោយថា រដ្ឋាភិបាលបានធានាការគោរពសិទ្ធិមនុស្ស និងពង្រឹងនីតិរដ្ឋ ស្របតាមស្មារតី នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងថា ចំណាត់ការថ្មីៗ គឺដើម្បីរក្សាសន្ដិភាពនៅកម្ពុជា។




បើតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលកម្ពុជាបានចុះហត្ថលេខា កាលពីថ្ងៃទី២៣តុលាឆ្នាំ១៩៩១ បានកំណត់ថា បើមានករណីរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា រដ្ឋហត្ថលេខីអាចស្នើទៅ​អង្គការ​មានសមត្ថកិច្ច របស់អង្គការសហប្រជាជាតិ ឲ្យចាត់វិធានការសមស្របណាមួយ ដើម្បីទប់ស្កាត់ និងលុបបំបាត់ការរំលោភបែបនេះ ស្របទៅតាមច្បាប់អន្ដរជាតិពាក់ព័ន្ធនានា៕


ប្រភពវិទ្យុបារាំង ៖  ក្រុម​សមាគម​និង​អង្គការ​សង្គម​ស៊ីវិល​មិនមែន​​រដ្ឋាភិបាល​នៅក្នុង​ប្រទេស​កម្ពុជា​ចំនួន១២ នៅ​ថ្ងៃទី១៩តុលា​នេះ បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​ការប្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​គណបក្ស​ប្រឆាំង​ដ៏​ធំជាងគេ​នៅ​កម្ពុជា។
 ប្រតិកម្ម​របស់​អង្គការ​សង្គម​ស៊ីវិល​នៅពេលនេះ បាន​ធ្វើឡើង​បន្ទាប់ពី​សេចក្តីស្នើច្បាប់​ចំនួន៤ ដែល​ទាក់ទង​ទៅនឹង​ការ​រំលាយ​គណបក្ស និង​បែងចែក​អាសនៈ​គណបក្ស​ដែល​ត្រូវ​រំលាយ​បាន​ទៅ​ដល់ដៃ​ព្រឹទ្ធសភា​នៅថ្ងៃនេះ។



ជា​លើកដំបូង​ហើយ​ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សមាគម ដែល​ធ្វើ​សកម្មភាព​នៅក្នុង​ប្រទេស​កម្ពុជា​បាន​បញ្ចេញ​ប្រតិកម្ម​រួមគ្នា ជុំវិញ​ការប្តឹង​ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​ដៃគូ​ប្រជែង​គីឡូ​ធ្ងន់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់អំណាច។ 
នៅក្នុង​សេចក្តី​ថ្លែង​ការ​របស់ខ្លួន​នៅថ្ងៃនេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល យល់ឃើញថា​ជាយ​កថា​ហេតុ​ការរំលាយ​គណបក្ស​ប្រជែង​នេះ រហូត​មិនអាច​ចូលរួម​ប្រកួត​ការបោះឆ្នោត​នឹង​នាំ​ឲ្យ​មាន​បញ្ហា​នៃ​ភាពត្រឹមត្រូវ​តាមផ្លូវ​ច្បាប់​ជាតិ និង​អន្តរជាតិ​នៃ​ការបោះឆ្នោត​ឆ្នាំ២០១៨ខាងមុខនេះ។ ករណី​ការរំលាយ និង​ការបែងចែក​អាសនៈ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​មិន​គោរព​សម្លេង​ឆន្ទៈ​ប្រជាពលរដ្ឋ​ប្រមាណ ៣ លាន​នាក់​ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​នេះ។ នេះ​បើតាម​សេចក្តី​ថ្លែងការណ៍។



ក៏ប៉ុន្តែ អ្នកនាំពាក្យ​ក៏ដូចជា​មន្ត្រីសំខាន់ៗរបស់​គណបក្ស​បក្ស​ប្រជាជន​កម្ពុជា តែង​លើកឡើងថា ការធ្វើ​វិសោធនកម្ម​ច្បាប់ ចំនួន ៤ ក្នុងនោះ ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដែល​នឹង​បើកផ្លូវ​ឲ្យ​មានការ​បែងចែក​អាសនៈ​គណបក្ស​មួយ ទៅ​ឲ្យ​គណបក្ស​ផ្សេងទៀត​នោះ គឺ​ដើម្បី​ឲ្យ​ច្បាប់​ទាំង ៤នេះ មា​នស​ង្គ​ត​ភាព ឬ​ភាពស៊ីសង្វាក់​ជាមួយ​ច្បាប់​ស្ដីពី​គណបក្សនយោបាយ និង​វិសោធនកម្ម​ជា​បន្តបន្ទាប់ ដែល​នៅ​ជា​ធរមាន ធានា​ស្ថេរភាព​នយោបាយ​ឲ្យ​នៅ​ស្ថិតស្ថេរ​គង់វង្ស​យូរអង្វែង​នៅ​កម្ពុជា។

ទោះយ៉ាងណា ក្រុម​អង្គការ​សង្គម​ស៊ីវិល​និង​សមាគម​ក្នុងស្រុក ដែល​ក្នុងនោះ​មាន​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត Comfrel និង Nicfic ផង​នោះ ចាត់ទុកថា ការរំលាយ​គណបក្ស​ប្រកួតប្រជែង​ការបោះឆ្នោត និង​ការអនុវត្ត​នៃ​ការបែងចែក​អាសនៈ​តាម​រូបមន្ត​ថ្មី​នៃ​ការធ្វើ​វិសោធនកម្ម​ច្បាប់​នឹង​នាំ​ឲ្យ​បាត់បង់​ការប្រកួតប្រជែង​ការបោះឆ្នោត ដោយ​ភាពត្រឹមត្រូវ​តាមច្បាប់​ជាតិ និង​អន្តរជាតិ និង​យុត្តិធម៌ ហើយក៏​នឹង​នាំ​ឲ្យ​ធ្លាក់ចុះ​ខ្លាំង​នៃ​ដំណើរការ​ប្រជាធិបតេយ្យ​ជាមួយ​គុណភាព​ពហុបក្ស​នៅ​កម្ពុជា៕


Loading...

No comments:

Post a Comment

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
រក្សាសិទ្ធគ្រាប់យ៉ាងដោយ CNRP Media Team
http://www.freedomnews.club/

Post Top Ad

Your Ad Spot

Pages