ប្រមុខរដ្ឋាភិបាលកម្ពុជា និងសម្តេចក្រុមព្រះ ប្រកាសព្រមៗគ្នាថា ប្តឹងលោក លឺ ឡាយស្រេង អតីតមន្ត្រីជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ិនប៉ិច បន្ទាប់ពីហ្វេសប៊ុកឈ្មោះ សីហា បានបញ្ចេញសារសន្ទនាមួយដែលថា លោក លឺ ឡាយស្រេង បាននិយាយប៉ះពាល់ដល់ព្រះមហាក្សត្រ។ បើទោះបីជា លោក លឺ ឡាយស្រេង បានចេញមុខសុំអភ័យទោសហើយក៏ដោយ ក៏ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា លោកមិនអភ័យទោសឲ្យនោះទេ។
លោក គី តិច ជាមេធាវីការពារក្តីឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់វិទ្យុបារាំងRFIនៅព្រឹកនេះថា លោកមិនទាន់សម្រេចថានឹងដាក់ពាក្យបណ្តឹងទៅកាន់តុលាការពេលណានៅឡើយ ហើយក៏មិនទាន់អាចបញ្ជាក់ថានឹងប្តឹងពីបទអ្វី និងទាមទារជំងឺចិត្តប៉ុន្មាននោះដែរដោយថាកំពុងប្រជុំគ្នានៅឡើយ។
ក៏ប៉ុន្តែកាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថាលោក និងសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ នឹងដាក់ពាក្យប្តឹងលោក លឺ ឡាយស្រេង ដែលបានថ្លែងប្រមាថព្រះមហាក្សត្រតាមរយៈការសន្ទនាតាមទូរស័ព្ទជាមួយលោកស្រី គី លំអង។
ការប្រកាសប្តឹងនេះធ្វើឡើងតែមួយថ្ងៃ ក្រោយពីហ្វេសប៊ុកឈ្មោះ សី ហា បានបញ្ចេញសំឡេងសន្ទនាឯកជនតាមទូរស័ព្ទរវាងលោក លឺ ឡាយស្រេង និងលោកស្រី គី លំអង។នៅក្នុងការសន្ទនានោះលោក លឺ ឡាយស្រេង ថ្លែងក្នុងន័យថា ឲ្យព្រះមហាក្សត្រដាក់រាជ្យ បើឡាយព្រះហស្តលេខាលើច្បាប់៤ដែលអនុម័តដោយតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា។
ក្រោយពីមានការបញ្ចេញសំឡេងនេះ លោក លឺ ឡាយស្រេង បានចេញមុខសុំព្រះរាជទានលើកលែងពីទោសព្រះមហាក្សត្រ និងសុំទោស លោក ហ៊ុន សែន។ ប៉ុន្តែលោក ហ៊ុន សែន បានបញ្ជាក់ថាលោកមិនអភ័យទោសឲ្យលោក លឺ ឡាយស្រេង នោះទេ។
ក្នុងសារសន្ទនាដែលហ្វេសប៊ុកឈ្មោះ សីហា ផ្សាយនោះ លោក លឺ ឡាយស្រេង ក៏បាននិយាយជាមួយលោកស្រី លំអង អំពីការទទួលបានកៅអីរដ្ឋសភារបស់គណបក្សសង្គ្រោះជាតិដោយថាលោក ហ៊ុន សែន ឲ្យលុយជិត ១ លាន ទៅសម្តេចក្រុមព្រះ ហើយសម្តេចក្រុមព្រះទារលុយពីសមាជិករបស់បក្សទ្រង់ម្នាក់២ម៉ឺនដុល្លារទៀតដើម្បីបានអង្គុយកៅអីតំណាងរាស្ត្រ។
ក៏ប៉ុន្តែលោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច បានប្រាប់កាសែតក្នុងស្រុកថា លោកបដិសេធការលើកឡើងនេះ ហើយថាគណបក្សនេះសម្រេចលោក លឺ ឡាយស្រេង ទៅតុលាការ។
លោក លឺ ឡាយស្រេង មិនអាចទាក់ទងបានទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយមួយចំនួនចុះផ្សាយនៅព្រឹកនេះថាគាត់បានភៀសខ្លួនទៅក្រៅប្រទេសហើយ៕
Loading...
No comments:
Post a Comment
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
រក្សាសិទ្ធគ្រាប់យ៉ាងដោយ CNRP Media Team
http://www.freedomnews.club/