សារព័ត៌មាន Russian Today របស់រុស្ស៊ីបានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧នេះ ដោយដកស្រង់សម្តីលោក Amir Ali Hajizadeh មេបញ្ជាការយោធាជាន់ខ្ពស់អ៊ីរ៉ង់ក្នុងបទសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍ Press TV នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅថ្មីៗឲ្យដឹងថា រោងចក្រអាវុធអ៊ីរ៉ង់ផលិតបានគ្រាប់បែកទម្ងន់១០តោន ចាត់ទុកជា «ឪគ្រាប់បែក» អាចទម្លាក់ពីយន្តហោះចម្បាំង និងមានសមត្ថភាពបំផ្លាញគោលដៅសត្រូវខ្ពស់បំផុត ពោលគឺមានសមត្ថភាពខ្លាំងជាង «ម៉ែគ្រាប់បែក» របស់សហរដ្ឋអាមេរិក ។


តាមការពិត សហរដ្ឋអាមេរិកមានកំពូលគ្រាប់បែកមួយប្រភេទឈ្មោះ GBU-43/B Massive Ordnance Air Blast (MOAB) ហើយត្រូវបានគេនិយមហៅថា The Mother Of All Bombs (ម៉ែគ្រាប់បែក) ។ គ្រាប់បែកប្រភេទនេះមានទម្ងន់៩,៨តោន ប្រវែង៩,១៨ម៉ែត្រ និងមានកម្លាំងផ្ទុះខ្លាំងក្លាស្មើនឹងកម្លាំងផ្ទុះរបស់ TNT ទម្ងន់១១តោន ។ កំពូលគ្រាប់បែកនេះធ្លាប់ត្រូវបានកម្លាំងយោធាសហរដ្ឋអាមេរិកប្រើប្រាស់ដំបូងដើម្បីវាយប្រហារទៅលើមូលដ្ឋានទ័ពក្រោមដីរបស់ក្រុមឧទ្ទាម ISIS នៅប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧កន្លងទៅ បណ្តាលឲ្យមនុស្សស្លាប់បាត់បង់ជីវិតអស់ជាច្រើននាក់ ។

ដោយឡែក មហាអំណាចរុស្ស៊ីក៏មានប្រភេទគ្រាប់បែកឈ្មោះ ATBIP ដែលគេនិយមហៅថា The Father Of All Bombs (FOAB) ឬហៅថា «ឪគ្រាប់បែក» ។ គ្រាប់បែកប្រភេទនេះត្រូវបានផលិតឡើងនាអំឡុងឆ្នាំ២០០៧ មានទម្ងន់៧,១តោន និងមានកម្លាំងផ្ទុះស្មើនឹងកម្លាំងផ្ទុះរបស់ TNT ទម្ងន់៤៤តោន ៕

No comments:
Post a Comment
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
រក្សាសិទ្ធគ្រាប់យ៉ាងដោយ CNRP Media Team
http://www.freedomnews.club/