free dailay news,wesbite seo training,blogger seo tool,game review,lastest mobile review,trust site for online jobs,earn 1000$ per month from youtbe and google ads,cambodia traveling,free wacth action movies

test

Breaking

Post Top Ad

Your Ad Spot

Sunday, October 29, 2017

ពលរដ្ឋ​ស្នើ​ព្រះមហាក្សត្រ​ចូលរួម​ព្រះរាជ​សកម្មភាព​ក្នុង​សង្គម​បន្ថែម​ទៀត



ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្ដេច នរោត្ដម សីហមុនី យាង​ចូលរួម​ទិវា​បុណ្យ​ខួប​ឯករាជ្យជាតិ​លើក​ទី​៦៣ នា​វិមានឯករាជ្យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។

ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១៧ គឺជា​ខួប​១៣​ឆ្នាំ នៃ​ការ​សោយរាជ្យ​បល្ល័ង្ក​របស់​ព្រះមហាក្សត្រ សម្តេច​ព្រះ បរមនាថ នរោត្តម សីហមុនី។ ពលរដ្ឋ និង​យុវជន មើល​ឃើញ​ពី​ភាព​រីកចម្រើន និង​ភាព​សុខសាន្ដ​របស់​កម្ពុជា នៅ​ក្នុង​រជ្ជកាល​របស់​ព្រះបាទ​នរោត្តម សីហមុនី ប៉ុន្តែ​ពួកគេ​ស្នើ​ព្រះអង្គ​ចូលរួម​ព្រះរាជ​សកម្មភាព​នៅ​ក្នុង​សង្គម​បន្ថែម​ទៀត។
យុវជន​កាយរឹទ្ធិ​រាជធានី​ភ្នំពេញ​ម្នាក់ ឈ្មោះ ឡុង ច័ន្ទដេវីត យល់ថា ប្រសិនបើ​ព្រះមហាក្សត្រ​ចូលរួម​ព្រះរាជ​សកម្មភាព​ការពារ​ព្រៃឈើ ដូចជា​ព្រៃ​ឡង់ អារ៉ែង ជាមួយ​ពលរដ្ឋ​ក្នុង​សហគមន៍​ព្រៃឈើ នោះ​នឹង​ធ្វើ​ឲ្យ​ការ​កាប់​បំផ្លាញ​ព្រៃឈើ ត្រូវ​បាន​ថមថយ។
ចំណែក​យុវតី​ម្នាក់ទៀត គឺជា​សិស្ស​ថ្នាក់​ទី​១២ នៃ​វិទ្យាល័យ​ទួលទំពូង កញ្ញា ឡាយ ស្រីពេជ្រ ចង់​ឃើញ​ព្រះមហាក្សត្រ​ចូលរួម​នៅ​ក្នុង​សកម្មភាព​យុវជន។ ស្រី​ពេជ្រ មើល​ឃើញ​ថា ព្រះរាជ​សកម្មភាព ព្រះមហាក្សត្រ​បាន​ចូលរួម​ច្រើន ក្នុង​សកម្មភាព​មនុស្សធម៌ ជាមួយ​មនុស្ស​វ័យ​ចំណាស់​។ សិស្ស​ថ្នាក់​ទី​១២​រូប​នេះ ក៏​ចង់​ឃើញ​ព្រះអង្គ ចូលរួម​ជាមួយ​ក្រុម​យុវជន​ផង​ដែរ។
យុវជន​ម្នាក់ទៀត គឺជា​និស្សិត​នៃ​សាក​វិទ្យាល័យ​ឯកជន​មួយ នៅ​ក្រុងភ្នំពេញ ស្នើ​ឲ្យ​ព្រះមហាក្សត្រ​បន្ត​ព្រះរាជ​សកម្មភាព​របស់​ព្រះអង្គ​សព្វថ្ងៃ​នៅ​ក្នុង​សង្គម។ ថ្វីបើ​តួនាទី និង​សិទ្ធិ​អំណាច​របស់​ព្រះអង្គ នៅ​ក្នុង​ឆាក​នយោបាយ ត្រូវ​បាន​រឹតត្បិត​ដោយ​ច្បាប់ ប៉ុន្តែ​យុវជន​រូប​នេះ ចង់​ឃើញ​ព្រះរាជ​សកម្មភាព​មនុស្ស​ធ​ម៏ និង​កិច្ចការ​ក្នុង​សង្គម​ឲ្យ​បាន​ច្រើន។
បុរស​ម្នាក់ ជា​ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ ឈ្មោះ ឡា វាញ ចង់​ឃើញ​ព្រះមហាក្សត្រ​បច្ចុប្បន្ន​ប្រឡូក​សកម្មភាព​មនុស្សធម៌​ឲ្យ​បាន​ផុលផុស ដូច​ព្រះ​បរមរតនកោដ្ឋ ដែល​បន្សល់ទុក​ស្នា​ព្រះ​ហស្ថ​មនុស្សធម៌​ជាច្រើន​នៅ​ក្នុង​សង្គម។
ឯ​ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​ម្នាក់ទៀត អ្នកស្រី ផាយ សារ៉េត យល់​ថា ព្រះមហាក្សត្រ នរោត្តម សីហមុនី បាន​ចូលរួម​គ្រប់​វិស័យ​ទាំងអស់​នៅ​ក្នុង​សង្គម។ អ្នកស្រី តែងតែ​ឃើញ​ព្រះ​ភក្ត្រ​របស់​ព្រះអង្គ នៅ​ជាមួយ​ពលរដ្ឋ​ជួប​ការ​លំបាក។ អ្នកស្រី សារ៉េត អះអាង​ថា ព្រះមហាក្សត្រ នរោត្តម សីហមុនី តែងតែ​ចូលរួម​នៅ​ក្នុង​សកម្មភាព​ដាំ​កូនឈើ​រាល់​ឆ្នាំ។
ចំណែក​សកម្មភាព​មនុស្ស​ធម៌​ដទៃ​ទៀត ពលរដ្ឋ​យល់ថា ព្រះមហាក្សត្រ អាច​មាន​លទ្ធភាព​សុំ​ជំនួយ​មនុស្សធម៌​ផ្នែក​ការអប់រំ កសិកម្ម សុខាភិបាល ជាដើម ដើម្បី​ជួយ​បំពេញ​បន្ថែម​សម្រាប់​ការ​កង្វះខាត​ក្នុង​វិស័យ​ទាំងនេះ។
កន្លងមក គេ​សង្កេត​ឃើញ​ថា មាន​ស្នា​ព្រះ​ហស្ថ​ក្នុង​រាជ្យ របស់​ព្រះអង្គ​ដែល​ជា​ស្នា​ព្រះ​ហ​ស្ថ​ធំៗ​ដូចជា អគារ​ព្យាបាល​មនុស្ស​ចាស់ជរា នរោត្តម សីហនុ ដែល​ស្ថិត​នៅ​ក្នុង​បរិវេណ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​រុស្ស៊ី (រុស្សីរាជធានី​ភ្នំពេញ​។ អគារ​មនុស្ស​ចាស់ជរា​នេះ គឺ​ព្រះអង្គ ស្ថាបនា​ដើម្បី​រំលឹក​ដល់​ព្រះបិតា​ព្រះអង្គ គឺ​ព្រះបាទ​នរោត្តម សីហនុ។ មួយទៀត គឺ ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា ដែល​ស្ថិត​ក្នុង​បរិវេណ​វត្ត​ស្វាយ​ពពែ រាជធានី​ភ្នំពេញ។ ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា គឺជា​គ្រឹះស្ថាន​អប់រំ​សម្រាប់​ទទួល​សិស្ស​ក្រីក្រ ទូទាំ​ងប្រទេស ដែល​បញ្ចប់​ការសិក្សា​នៅ​ទុតិយភូមិ ឬ បាក់​ឌុប។ ព្រះ​សាកលវិទ្យាធិការ នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី គឺ សម្ដេចព្រះសង្ឃរាជ បួ គ្រី និង​ជា​ព្រះរាជគ្រូ របស់​ព្រះបាទ​នរោត្តម សីហមុនី ធ្លាប់​មាន​ព្រះ​រាជបន្ទូល​ថា កូន​ខ្មែរ​ក្រីក្រ​គ្រប់​សាសនា សុទ្ធតែ​អាច​ចូលរៀន​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​បាន។
អតីត​និស្សិត​ច្បាប់ នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា លោក ឡេង សេងហុង ដែល​បច្ចុប្បន្ន​ជា ប្រធាន​សមាគម​និស្សិត​បញ្ញវន្ត​កម្ពុជា អះអាង​ថា គុណភាព​នៃ​ការអប់រំ​របស់​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនីរាជា នៅ​មាន​កម្រិត ប៉ុន្តែ​ទទួល​យក​បាន​សម្រាប់​និស្សិត​ក្រីក្រ។ លោក​បាន​ថ្លែងអំណរគុណ​ចំពោះ​ព្រះមហាក្សត្រ សីហមុនី ដែល​បង្កើត​ពុទ្ធិក​សាក​ល​វិទ្យាល័យ​សម្រាប់​និស្សិត​ក្រីក្រ​បាន​ចូលរៀន។
តាម​សៀវភៅ ដែល​មាន​ចំណងជើង​ថា អំណាច និង​រាជបល្ល័ង្ក​នៃ​មហាក្សត្រ​ខ្មែរ សែ​អង្គ​ឌួង នរោត្តម ស៊ីសុវត្ថិ របស់ លោក ឆាយ សុផល នៅ​ទំព័រ​៣១៧ អះអាង​ថា នៅ​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០០៤ ព្រះបាទ​នរោត្តម សីហមុនី ត្រូវ​បាន​សមាជិក​ក្រុមប្រឹក្សា​រាជបល្ល័ង​បានសម្រេច​ជ្រើសរើស​ព្រះអង្គ ឲ្យ​ឡើង​គ្រងរាជ្យ​បន្ត​ពី​ព្រះបិតា។ កាលនោះ​ព្រះអង្គ​មាន​ព្រះជន្ម ៥១​ព្រះវស្សា។
មន្ត្រី​អង្កេត​ជាន់ខ្ពស់​ផ្នែក​សិទ្ធិ​ដីធ្លី និង​ធនធានធម្មជាតិ នៃ​សមាគម​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ យល់ស្រប​នឹង​សំណើ​របស់​យុវជន ដែល​ចង់​ឲ្យ​ព្រះមហាក្សត្រ​ចេញ​ព្រះ​ភក្ត្រ ការពារ​ព្រៃឈើ។ លោក យល់ថា បើ​ព្រះអង្គ​ចូលរួម​សកម្មភាព​ការពារ​ព្រៃឈើ បទល្មើស​ព្រៃឈើ​នឹង​ថមថយ។ ប៉ុន្ដែ​ទោះ​យ៉ាង​ណា សង្គម​ស៊ីវិល​រូប​នេះ នៅតែ​យល់ថា បើ​មន្ត្រី​នៅ​មូលដ្ឋាន​ធ្វើ​តាមតែ​ច្បាប់​ចែង និង​មិន​ខ្លាច​អំណាច​ឈ្មួញ នោះ​បទល្មើស​ព្រៃឈើ​នឹង​ថយ​ចុះ​ជាមិនខាន ទោះជា​មិន​មាន​វត្តមាន​ព្រះមហាក្សត្រ​ក៏ដោយ។
រដ្ឋធម្មនុញ្ញ​នៃ ជំពូក​ទី២ មាត្រា ៧ ចែង​ថា ព្រះមហាក្សត្រ​កម្ពុជា ទ្រង់​គ្រងរាជ្យសម្បត្តិ ប៉ុន្តែ​ទ្រង់​មិន​កាន់អំណាច​ឡើយ។ ព្រះមហាក្សត្រ ទ្រង់​ជា​ព្រះប្រមុខរដ្ឋ​មួយ​ជីវិត។ អង្គ​ព្រះមហាក្សត្រ មិន​អាច​នរណា​រំលោភបំពាន​បាន​ឡើយ។ ឯ​មាត្រា ៨ វាក្យខណ្ឌ​ទី​២ ចែងថា ព្រះមហាក្សត្រ ទ្រង់​ជា​អ្នកធានា​ឯករាជ្យ​ជាតិ អធិបតេយ្យ និង​បូរាណ​ភាព​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​ជា​អ្នកធានា​ការ​គោរព​សិទ្ធិ និង​សេរីភាព​របស់​ប្រជាពលរដ្ឋ និង ការ​គោរព​សន្ធិសញ្ញា​អន្តរជាតិ។
ពលរដ្ឋ​មើល​ឃើញ​ថា កន្លងមក​ព្រះមហាក្សត្រ​បាន​ដើរ​ធ្វើ​ព្រះរាជ​សកម្មភាព​ចែក​អំណោយ​ដល់​មនុស្ស​ចាស់ជរា​បាន​ច្រើន​ហើយ ប៉ុន្តែ​ពួកគេ​ចង់​ឃើញ​ព្រះអង្គ​មាន​ព្រះរាជ​សកម្មភាព​បន្ថែម​ទៀត នៅ​ក្នុង​សង្គម ក្រៅពី​ចែក​អំណោយ​ឲ្យ​ចាស់ជរា​នៅ​តាម​ជនបទ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។





Loading...

No comments:

Post a Comment

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
រក្សាសិទ្ធគ្រាប់យ៉ាងដោយ CNRP Media Team
http://www.freedomnews.club/

Post Top Ad

Your Ad Spot

Pages